(ព្រះសីហនុ)៖ ជនជាតិចិន២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូរបស់ជនជាតិចិនដូចគ្នា នៅក្រុមទី៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់ខ្លួន។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាតិចិនទាំងពីរនាក់ ដែលកម្លាំងជំនាញចាប់ខ្លួន ទី១៖ឈ្មោះ Zhu Jijiang អាយុ៤០ឆ្នាំ (ជនដៃដល់) និងទី២៖ឈ្មោះ He Pengfei អាយុ៣៣ឆ្នាំ (អ្នកសមគំនិត ផ្តល់ទីតាំងទុកផលនៃអំពើលួច)។
ពួកគេបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ Yu Junwen អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់។ ក្នុងនោះវត្ថុតាងចាប់យកបាន ម៉ូតូ៤គ្រឿង (មួយគ្រឿងរបស់ជនរងគ្រោះ និងបីគ្រឿងគ្មានឯកសារ), ដង្កាប់បូមសម្រាប់កាត់ដែក ចំនួន៣ដើម, ទូរស័ព្ទដៃ២គ្រឿង, ដែកកូនសោររាងអក្សរ T ១ដើម និងដែកសំប៉ែតជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសចំនួន២ដើម។
ក្រោយចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃម្សិលមិញនេះ នៅខាងក្រោយសណ្ឋាគារខ្សាច់ស ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យម្នាក់ ឈ្មោះ ហ៊ាប រតនា អាយុ២១ឆ្នាំ មុខរបរសន្តិសុខកាស៊ីណូប្លាទីនអន្តរជាតិ បានយកកាំបិតចុងស្រួចចាក់ទៅលើឈ្មោះ អេល ហាម៉ាត់ អាយុ២៤ឆ្នាំ ត្រូវចំគល់ដោះខាងឆ្វេងបណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារមានទំនាស់គ្នា ពេលប្រចាំការ និងធ្វើអនាម័យនៅកន្លែងយាម ហើយជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន រួមនឹងវត្ថុតាងកាំបិតចុងស្រួច១ដើម (អាវុធធ្វើសកម្មភាព)ផងដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕