(កណ្ដាល)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន សាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យការសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងខេត្ដកណ្ដាល។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា ដែលទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី បានថ្លែងថា ក្រោមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការយកចិត្ដទុកដាក់របស់នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ លោកជឿជាក់ថា ការសាងសងនឹងដំណើរការរលូតល្អទៅតាមផែនការ។

អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងទៀតថា អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មីនេះ បានទទួលសិទ្ធិសាងសង់ពីរាជរដ្ឋាភិបាល ហើយអាកាសចរណ៍ស៊ីវិល ក៏ជាអាណាព្យាបាល ក្នុងការសាងសង់ព្រលានយន្ដហោះនេះផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា លោកនឹងបន្ដសកម្មភាពចុះត្រួតពិនិត្យការសាងសង់ អាកាសយានដ្ឋាននេះ យ៉ាងតិច៦ខែម្ដង ដើម្បីជាការលើកទឹកចិត្ដ ដល់អ្នកសាងសង់ និងពន្លឿននៃការសាងសង់ឲ្យទៅតាមផែនការ។

នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ក្នុងនាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក និងក្រុមការងារ នឹងខិតខំឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ដ ដើម្បីចូលរួមគាំទ្រសកម្មភាព នៃគម្រោងការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ ឲ្យទទួលបានជោគជ័យ ប្រសិទ្ធិភាព និងទទួលបានការគាំទ្រ ពីមជ្ឈដ្ឋានអន្ដរជាតិ។

បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងទៀតថា អ្វីដែលធ្វើការអភិវឌ្ឍន៍នៅទីនេះ មិនមែនជាផលប្រយោជន៍នរណានោះទេ គឺជាប្រយោជន៍រួម ដើម្បីរក្សាទុកជាប្រវិត្ដសាស្ដ្រ ដែលជាស្នាដៃរបស់កូនខ្មែរ។ ជាពិសេសទៀត អាកាសយានដ្ឋានភ្នំពេញថ្មីនេះ ជាសមទ្ធិផលដ៏ធំធេង សម្រាប់រាជរដ្ឋាភិបាល ក្នុងដំណាក់កាល ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រវត្ដិសាស្ដ្រថ្មី ដែលបន្សល់ទុកសម្រាប់ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រាប់រយឆ្នាំទៅថ្ងៃមុខ។

សូមជម្រាបថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល។

សម្រាប់ដំណាក់កាលទី១ នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួលភ្ញៀវទេសចរបាន១៣លាននាក់។ សម្រាប់ការងារសាងសង់ ដំណាក់កាលទី១មានដូចជា៖

* អគារស្ថានីយអ្នកដំណើរមានកម្ពស់៤៥ម៉ែត្រ ៥ជាន់ និងជាន់ក្រោមដី១ជាន់ ដែលមានផ្ទៃក្រឡា២៤៣០០០ម៉ែត្រការ៉េ គ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២២។

* ការសាងសង់ផ្លូវរត់យន្តហោះ (Runway) មានប្រវែង៤ពាន់ម៉ែត្រ និងទទឹង៦០ម៉ែត្រ ជាប្រភេទអាកាសយានដ្ឋាន 4F។

* ការសាងសង់អគារប៉មត្រួតពិនិត្យផ្លូវអាកាស មានកម្ពស់១០៨ម៉ែត្រ គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២២។

* ការងារសាងសង់អគារ និងទីតាំងផ្សេងៗជាង៤០ផ្សេងទៀត សម្រាប់បម្រើប្រតិបត្តិការរបស់ព្រលានយន្តហោះមានដូចជា ស្ថានីយអ្នកដំណើរ VIP, ទីតាំងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ទីតាំងស្តុកសំណល់រឹង កន្លែងជួសជុលរថយន្ត កន្លែងស្តុកប្រេង និងទីតាំងស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យជាដើម។

អ្នកឧកញ៉ា ពង់ ឃាវសែ ធ្លាប់បានបញ្ជាក់ថា ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ។

សម្រាប់ការងាររចនាប្លង់ស្ថានីយអ្នកដំណើរត្រូវបានជ្រើសយកក្រុមហ៊ុន Foster & Partners របស់អង់គ្លេស ហើយក្រុមហ៊ុន China Construction Devotions III ជាអ្នកឈ្នះនូវការដេញថ្លៃសាងសង់ក្នុងទឹកប្រាក់ ៥៩៥លានដុល្លារ។ ដោយឡែកតំបន់ហោះហើរ ត្រូវបានចរនាឡើងដោយក្រុមហ៊ុន អេវីក ដែលជាក្រុមហ៊ុនចិន។ ជាមួយគ្នានេះក៏មានការអញ្ជើញ ក្រុមហ៊ុនបរទេសល្បីៗជាច្រើនទៀត ជួយគាំទ្រដល់ការបច្ចេកទេសផងដែរ៕