(ព្រះវិហារ)៖ កម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូសុី នៅកម្ពុជា «WAT4CAM» ជំហាន១ បានបើកឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះវិហារ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់កសិករ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការចូលរួមពីនាយកកម្មវិធី WAT4CAM TA-AGRI(MAFF/GDA, ប្រធានមន្ទីរកសិកម្ម ធនធានទឹកខេត្ត មន្ទីរពាណិជ្ជកម្មខេត្តព្រមទាំងតំណាងដៃគូរអភិវឌ្ឍន៍ មីក្រូហិរញ្ញវត្ថុឯកជន និងសហភាពសហគមន៍កសិកម្មជាច្រើនរូបទៀត។

កម្មវិធី WAT4CAM នេះ ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលប្រើប្រាស់ថវិកាកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ចំនួន៥៥លានអឺរ៉ូ និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប (EU) ចំនួន១១.៥លានអឺរ៉ូ ដែលអនុវត្តដោយក្រសួងធំៗពីរគឺ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម។ កម្មវិធីនេះ នឹងរួមចំណែកកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពងាយរងគ្រោះចំពោះប្រជាជននៅតំបន់ជនបទ ទាក់ទិននឹងបម្រែបម្រួលអាកាសធាតុ ដោយអនុវត្តកម្មវិធីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ដ្រ និងកសិកម្ម។

លោក គោ ស៊ុប៊ុនសឿត បានថ្លែងថា «កម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូសុីនៅកម្ពុជា ជំហាន១» ដែលបើកដំណើរការ តាមរយៈសិក្ខាសាលានេះ គឺធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ជាមួយអ្នកពាក់ព័ន្ធ ដើម្បីបញ្ជ្រាបពីគោលបំណង និងទំហំការងាររបស់ក្រុមការងារជំនួយបច្ចេកទេសកសិកម្ម (TA-AGRI) របស់កម្មវិធី ព្រមទាំងទទួលបាននូវគំនិតយោបល់ និងធាតុចូលរបស់អ្នកពាក់ព័ន្ធទាំងនោះ ដើម្បីកែលម្អផែនការសកម្មភាព និងការអនុវត្តកម្មវិធី។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា គោលបំណងជាក់លាក់នៃសិក្ខាសាលានេះ គឺបង្ហាញពីដំណើរការនៃការកសាងផែនការផលប៉ះពាល់ដោយមានការចូលរួមនឹងរបកគំហើញផ្សេងៗ រួមទាំងពិភាក្សាអំពីស្ថានភាពនៃផលិតកម្មកសិកម្ម ក្នុងស្រុកគោលដៅរបស់កម្មវិធី ក្នុងខេត្តព្រះវិហារ។ កម្មវិធីនេះ ក៏បង្កើតបេសកកម្ម និងចក្ខុវិស័យរួមគ្នា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ក្នុងពេលអនាគត បង្ហាញផែនការសកម្មភាព ទីតាំង និងលទ្ធផលរំពឹងទុករបស់ WAT4CAM ប្រមូល និងបូកសរុបចំណុចដែលបានឯកភាពគ្នា រួមទាំងក្តីកង្វល់នឹងបញ្ហាដែលមិនទាន់បានដោះស្រាយក្នុងសិក្ខាសាលា។

ដោយឡែកនាយកអង្គភាពកម្មវិធី WAT4CAM នៃក្រសួងកសិកម្ម លោក ស្រ៊ុន សុខុម បានថ្លែងថា កម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ី នៅកម្ពុជា មានសមាសភាគ ៤ធំៗ ក្នុងនោះមាន៣សមាសភាគ គឺដឹកនាំអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។ ដោយឡែក ការបើកឱ្យដំណើរការអនុវត្តកម្មវិធីដែលប្រព្រឹត្តិទៅនៅពេលនេះ គឺលើកយកតែសមាសភាគទី៤ ដែលជាសកម្មភាព ស្ដីពី «អំពីការលើកកម្ពស់វិវឌ្ឍនាការកសិកម្មប្រកបដោយចីរភាព» គឺដឹកនាំអនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកថា គម្រោងនេះពិតជាមានសារសំខាន់ណាស់ ព្រោះបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់ដោយតម្រង់ទិសឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា ខេត្តព្រះវិហារ គឺជាខេត្តមួយ ក្នុងចំណោមខេត្ត៤ទៀត ដែលបានបើកដំណើរការកម្មវិធី «វ៉តហ្វ័រខេម» លើសមាសភាគទី៤ ស្ដីពី «ការលើកកម្ពស់វិវឌ្ឍនាការកសិកម្មប្រកប ដោយចីរភាព»។ ការអនុវត្តនេះ លើស្រុកគោលដៅចំនួន២ គឺ៖ ស្រុករវៀង ស្ថិតក្នុងប្រព័ន្ធស្រោចស្រពទំនប់អូរកំបោរ និងទំនប់សករាជ្យ ដែលជាវគ្គទី១ និងស្រុកជ័យសែន ស្ថិតក្នុងប្រព័ន្ធស្រោចស្រពទំនប់ម៉ឺនរាជ ដែលជាវគ្គបន្ទាប់ និងមាន រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់២០២៣៕