Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ខេត្តមណ្ឌលគិរី បង្ក្រាបករណីគ្រឿងញៀន នៅផ្ទះសំណាក់ «ម៉ារីសំណាង» ឃាត់ជនសង្ស័យ៨នាក់

01-02-2016 23:27

(មណ្ឌលគិរី)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមបញ្ជាផ្ទាល់ពីសំណាក់ស្នងការ នគរបាលខេត្តលោកឧត្តមសេនីយ៍ តូច យ៉ុន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ នៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឡោមព័ទ្ធ និងចូលបង្ក្រាបករណីគ្រឿងញៀន នៅផ្ទះសំណាក់មួយក្នុងក្រុងសែនមនោរម្យយីហោ «ម៉ារីសំណាង» ដោយឃាត់ជនសង្ស័យ៨នាក់។

លោក ម៉ី អាន ស្នងការរងនគរបាល ខេត្តមណ្ឌលគិរី ដែលដឹកនាំកម្លាំងចុះ បង្ក្រាបករណី គ្រឿងញៀននេះបានថ្លែងថា ក្រោយទទួលបានព័ត៌មានស្តីអំពីករណីខាងលើរួចមក លោកបានដឹកនាំកម្លាំងចុះបង្ក្រាប ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាក់ស្តែង និងវត្ថុតាងមួយចំនួន។

លោក ឡេវ ប៉ុន នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ថា ជនសង្ស័យដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួន មានចំនួន៨នាក់ ស្រីចំនួន៥នាក់ និងប្រុស៣នាក់ ក្នុងនោះ មានមេការផ្ទះសំណាក់ម្នាក់ផងដែរ។ សម្រាប់ជនសង្ស័យ ទាំងនេះ ក្រោយចាប់ខ្លួនត្រូវបាននាំខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរបន្តទៀតចាត់ការតាមនីតិវិធី៕