(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលមិត្តភក្តិម្នាក់ទៀត រងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តសាំយ៉ុង មួយគ្រឿងដែលបើក ច្រាស់ទិសគ្នាជាមួយម៉ូតូ បានបុកពេញទំហឹងនៅម្តុំស្ពានលេខ២ តាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមូខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ នាម៉ោង៧៖៤០នាទី យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
មន្ត្រីកងរាជអាវុធហត្ថមួយរូប បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ខាងលើនេះ បានបណ្តាល ឲ្យមានមនុស្សស្លាប់ និងរងរបួសនេះ គឺកើតឡើងដោយសារ បុរសម្នាក់ បើករថយន្ត សាំយ៉ុងពណ៌សមួយគ្រឿង តាមផ្លូវជាតិលេខ៦អានេះ ក្នុងល្បឿន យ៉ាងលឿនលុះបើកមកដល់ចំណុចកើតហេតុ ក៏មានយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX មកដល់ដែរក៏ធ្វើឲ្យរថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ដែលជិះម៉ូតូស្លាប់ភ្លាមនៅកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយពីបុកហើយ អ្នកបើកបររថយន្ត បានបើកទ្វារួចរត់គេចខ្លួន ចេញទៅបាត់ដោយបន្សល់ទុកតែអ្នកស្លាប់និងរបួសនៅកន្លែងកើតហេតុ រួមជាមួយរថយន្ត និងម៉ូតូដែលខូចខាត នៅកន្លែងបង្កតែប៉ុណ្ណោះ។
ជាចុងក្រោយ អ្នករងរបួសត្រូវបានបញ្ជួន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិតចំណែកអ្នកស្លាប់ត្រូវ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រឺឯរថយន្ត និងម៉ូតូត្រូវបានខាងជំនាញ ចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក នៅការិយាល័យចរាចរណ៌ក្រុង ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕