(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមកបានធ្វើពលិកម្មយ៉ាងធំធេង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នងនោះ ចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តន៍ នូវយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញនៅកម្ពុជា។

ការថ្លែងអំណរគុណបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនយោធិនសោធននិវត្តន៍ និងពិការ ដោយមានការចូលរួមពី តំណាងការិយាល័យទី១ កងទ័ពជើងគោក មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលជាច្រើនរូបទៀត នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា យោធិនសោធននិវត្តន៍ និងពិការបានចូលរួមចំណែកថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។

មេបញ្ជាការបានបន្តថា ការអនុវត្តគោលនយោបាយ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាការយកចិត្តទុកដាក់អនុវត្តន៍ នូវគោលនយោបាយចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយការគោរពដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិមាតុភូមិ និងប្រជាជន ដោយយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅ ទាំងស្មារតី សម្ភារៈ និងថវិកាជាបន្តបន្ទាប់ ជាក់ស្ដែងនាពេលនេះបានអនុវត្តន៍ នូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើការបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរយស បន្ថែមមួយថ្នាក់ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលបានត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ក្រសួងការពារជាតិ របស់អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឆ្នាំ២០២០នេះ មានចំនួនសរុប២៦រូប នារីចំនួន០១រូប។

នៅក្នុងឱកាសនោះផងដែរ យោធិនសោធននិវត្តន៍ និងពិការចំនួន២៦នាក់ ក៏បានទទួលថវិកាលើកទឹកចិត្តបន្ថែម ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១,២០០,០០០រៀល ក្នុងនោះថវិកាចំនួន២០០,០០០រៀល ជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងថវិកាចំនួន១,០០០,០០០រៀល ជាអំណោយរបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕