(ភ្នំពេញ)៖ បុរសវ័យ២៩ឆ្នាំម្នាក់ ឈ្មោះ សូ ដារ៉ា ដែលមានកូនតូចអាយុ៥ឆ្នាំ និងភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលកូន ដែលត្រូវបានឃុំខ្លួននៅពន្ធធនាគារខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ត្រូវបានដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្នវិញហើយ បន្ទាប់ពីមានការសណ្តោសប្រណី នឹងក្តីមេត្តាធម៌ដ៏ជ្រាលជ្រៅបំផុតពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។

បុរសជាប្តី និងប្រពន្ធ ឈ្មោះ ផាន សុគន្ធារី ត្រូវបានចាប់ខ្លួន និងឃុំខ្លួនពីបទ ក្លែងពត៌មាន និងញុះញង់អោយមានការរើសអើង បន្ទាប់ពីរូបគេពីរនាក់ប្តីប្រពន្ធចាញ់កលល្បិចបុរសម្នាក់ឈ្មោះ សុខ ចំរើន (ពុំមានសាវតាច្បាស់លាស់) ជួលផេកហ្វេសប៊ុគ (facebook page) ពីអ្នកទាំងពីរ ថាយកទៅផ្សព្វផ្សាយផលិតផលទាក់ទាញពាណិជ្ជកម្មរកចំណូលអនឡាញ ប៉ុន្តែបែរជាយកទៅផ្សាយពត៌មានមិនពិតមួយចំនួនដូចជាព័ត៌មានបំភ្លើសអំពីជម្ងឺកូវីដ-១៩ និងព័ត៌មានអុជអាលប្រមាថដល់ប្រមុខដឹកនាំប្រទេសដែលត្រូវបានក្រសួងជំនាញបច្ចេកវិទ្យាស្រាវជ្រាវរកឃើញកាលពីពេលថ្មីៗកន្លង មកនេះ។

ប៉ុន្តែក្រោយមកដោយសារស្ថានភាពប្រពន្ធនឹងកូនតូចក្នុងបន្ទុកដែលត្រូវការមើលថែពិសេស ទើបឈ្មោះ ផាន សុគន្ធារី ជាប្រពន្ធនឹងជាម្តាយ ត្រូវបានដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ន មុនប្តី ដោយមូលហេតុមានផ្ទៃពោះជិតសម្រាលផង និងមានជម្អឺសរសៃកៀបរលាកឆ្អឺងខ្នងរ៉ាំរ៉ៃដែលបានធ្វើការវះកាត់កន្លងទៅថ្មីៗនេះ។

ដោយខ្លួនមានជម្ងឺរ៉ាំរ៉ៃប្រចាំកាយ និងជិតដល់ថ្ងៃសម្រាលកូនផងនោះ ធ្វើអោយប្អូនស្រី ផាន សុគន្ធារី រងទុក្ខលំបាកវេទនាយ៉ាងខ្លាំង ដោយសារអត់មានបង្គោលគ្រួសារ ហើយត្រូវទទួលបន្ទុកមើលថែ ចិញ្ចឹមបីបាច់តូចអាយុ៥ ឆ្នាំ តែម្នាក់ឯង ទាំងខ្លួនមានជម្ងឺប្រចាំកាយហើយក៏ពុំអាចប្រកបមុខរបររកចំណូល។

ដោយភាពទាល់ច្រក ប្អូនស្រី ផាន សុគន្ធារី បានដាក់ពាក្យគោរពស្នើសុំការសណ្តោសប្រោសប្រណី និងក្តីមេត្តាធម៌ពី សម្តេចតេជោនាយករដ្ឋមន្រ្តីតាមរយៈផេកផ្លូវការរបស់សម្តេចឱ្យជួយដល់ស្វាមីរបស់ខ្លួនអោយបាននៅក្រៅឃុំបន្តោះអាសន្ន ដើម្បីបានមលើថែរខ្លួនដែលមានជម្ងឺរ៉ាំរ៉ៃ និងជិតឆ្លងទន្លេផងនោះ ។

បន្ទាប់ពីបានពិនិត្យសំណើសុំនិងរបាយការណ៍របស់ប្តីប្រពន្ធទាំង២នេះរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរយ៉ាងខ្លាំង ហើយបានចាត់ លោក ដួង តារា ជំនួយការផ្ទាល់សម្តេច សហការជាមួយអភិបាលខេត្តកំពង់ស្ពឺ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បី សិក្សាលើសំណុំរឿងមួយនេះអោយបានល្អតិល្អន់ត្រឹមត្រូវ។

ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ លោក ដួង តារា បានដឹកនាំក្រុមការងារ សិក្សាសំណុំរឿង ពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ហើយបានចំឯកសារ និងលិខិតធានាជូនប្អូនស្រី ផាន សុគន្ធារី ដើម្បីធានា ស្វាមីរបស់ខ្លួន ឈ្មោះ សូ ដារា អោយបាននៅក្រៅឃុំបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់។

ដោយសារឈ្មោះ សូ តារា ត្រូវបានចោទប្រកាន់ពីបទមជ្ឍឹម ហើយមិនមានព្យសនកម្មធ្ងន់ធ្ងរ ព្រមទាំងច្បាប់អនុញ្ញាតិផងនោះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចដោះលែងជនត្រូវចោទជាបណ្តោះអាសន្ន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ។

ប្អូនស្រី ផាន សុគន្ធារី និងប្អូនប្រុស សូ ដារា មានសេចក្តីរំភើបរីករាយ និងត្រេកអរឥតឧបមា ហើយបានគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាសណ្តោសប្រណីរបស់ សម្តេចទាំងទ្វេ ដែលបានជួយខ្លួនឱ្យមានសេរីភាពនិងបានជួបជុំក្រុមគ្រួសារជាទីស្រឡាញ់ឡើងវិញ។ គុណូបក្ការៈដ៏វិសេសវិសាលថ្លៃថ្លានេះ ធ្វើអោយពលរដ្ឋទូទាំងប្រទេសមានក្តីរំភើបរីករាយជំនួសអោយគ្រួសារប្អូនស្រី ផាន សុគន្ធារី និងសូមអោយសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំកម្ពុជា ជារៀងរហូត៕