(ភ្នំពេញ)៖ តបតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៦ លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រជុំ ជាមួយសម្តេចពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយក ថ្នាក់ដឹកនាំ ដើម្បីដោះស្រាយ អធិករណ៍វត្តខ្ពប ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាលទ្ធផល បានសម្រេចចំនួន៤ចំណុច ដើម្បីរាយការណ៍ទៅសម្តេចតេជោ ហ៊ុន សែន។
អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា លោក សេង មុនី បានប្រាប់អង្គភាព Fresh Newsថា លទ្ធផលទាំង៤ចំណុច រួមមានទី១ រៀបចំឲ្យមានព្រះសង្ឃ៥អង្គ មកពីវត្តអង្គរវាង គង់នៅបណ្តោះអាសន្ន ទី២ រៀបចំឲ្យមានគណៈកម្មការ អាចារ្យ គ្រប់គ្រង បណ្តោះអាសន្ន ទី៣ បង្កើតគណៈគ្រប់គ្រងចម្រុះមួយ ដោយក្រសួងធម្មការ និង អាជ្ញាធរដែនដី និង៤ ប្រគល់ការគ្រប់គ្រងឲ្យក្រសួងធម្មការ និងសាសនាផ្ទាល់ ដើម្បីមើលការខុសត្រូវបណ្តោះអាសន្ន។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកបណ្ឌិត មិន ឃិន ចុះទៅដោះស្រាយបញ្ចប់ អធិករណ៍វត្តខ្ពប ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីបានកើតឡើងរយៈពេល១ឆ្នាំ មិនអាចដោះស្រាយបញ្ចប់។
លោក សេង មុនី បានប្រាប់ថា លោកបណ្ឌិត មិន ឃិន បានដឹកនាំប្រតិភូ ចុះដោះស្រាយអធិករណ៍វត្តខ្ពប ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមសំណូមពរពុទ្ធបរិស័ទ ប្រមាណ ២៣៩៦នាក់ ដែលបានស្នើសុំឲ្យមានព្រះសង្ឃគង់ នៅដើម្បីបំពេញបុណ្យ កុសលតាមប្រពៃណី ព្រះពុទ្ធសាសនតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមអ្នកនាំពាក្យ ក្រសួងធម្មការ វត្តនេះកន្លងមកបានកើត វិវាទអស់រយៈ១ឆ្នាំមកហើយ ដោយមូលហេតុព្រះចៅអធិការចាស់បានសឹក ហើយកើតមានអំពើហិង្សាផ្សេងៗ រហូតមកដល់ពេលនេះវត្ត ត្រូវបានបិទទ្វារ ទុកចោលក្លាយជាព្រៃស្មសាន (ព្រៃកប់ខ្មោច) បាត់បង់តម្លៃ នៃការគោរពបូជា តាមផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ។
លោក សេង សុមុនី បានបញ្ជាក់ថា «ក្រោយពីបានជួបជាមួយព្រះអនុគណ ស្រុកអង្គស្នួល និងសហការី ពិភាក្សាយ៉ាងល្អិតល្អន់ យើងបានសម្រេចប្រគល់ វត្តខ្ពបឲ្យក្រសួងធម្មការ និងសាសនាជាអ្នកគ្រប់គ្រង»។
បន្ទាប់មកប្រតិភូដឹកនាំដោយលោករដ្ឋមន្រ្តី បានចុះដល់វត្តខ្ពបផ្ទាល់ជួបជាមួយ ពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី សរុបប្រមាណ៣០០នាក់ ហើយបានទទួលយកតាមការសម្រេច គឺឯកភាពនិមន្តព្រះសង្ឃ ចំនួន៥អង្គមកពីវត្តរវៀង ឲ្យមកគង់នៅដើម្បី គ្រប់គ្រងទីអារាមនេះ គោលបំណងរៀបចំឲ្យមានអាចារ្យគណៈកម្មការវត្ត និងអ្នកថែរក្សាវត្ត ដោយស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់ក្រសួងធម្មការ និងសាសនា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕