(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា វិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ឱកាសការងារ ដល់អ្នកដែលកំពុងស្វែងរកការងារធ្វើ ដោយផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនធនធានមនុស្ស ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារការរស់នៅ តាមរយៈការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

ការលើកឡើងបែបនេះ របស់លោក រស់ ផារិទ្ធ បានធ្វើឡើងនាក្នុងឱកាសដែលលោកបានអញ្ជើញជាលោកតំណាង ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងកម្មវិធីផ្សព្វផ្សាយបង្កើនកិច្ចសហការរបស់និយោជក វិស័យឯកជនជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ព្រមទាំងលោក លោកស្រី តំណាងរោងចក្រ សហគ្រាស សមាជិក សមាជិកា សសយក ក្រុងស្វាយរៀង និងនាយករង បុគ្គលិក មន្ត្រីរាជការជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោកក៏បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការ នៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ស្វាយរៀង ដែលបានខិតខំយកចិត្តទុកដាក់បំពេញនូវបេសកកម្មជូនជាតិ និងទទួលបានជោគជ័យជាបន្តបន្ទាប់់។

លោក រស់ ផារិទ្ធ បានលើកឡើងថ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងលើកទឹកចិត្តចំពោះវិនិយោគិន។ ជាក់ស្តែងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ០៨កន្លែង សរុបនៅទូទាំងខេត្តមានរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជនចំនួន ១៩០កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ បានប្រមាណ ៧២,៩០៣នាក់ ដែលបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។ ចំពោះវិស័យសេដ្ឋកិច្ចសង្គមកិច្ចផ្សេងៗទៀត ក៏កំពុងមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់គួរកត់សម្គាល់ផងដែរ។

លោកបានបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកកំពុងតែរាតត្បាតដោយជំងឺកូវីដ-១៩ លោកក៏បានក្រើនរំឮកដល់លោក លោកស្រី ជាពិសេសប្អូនៗ ក្មួយៗ ជាសិស្ស និស្សិតទាំងអស់ យកចិត្តទុកដាក់ការពារខ្លួន ថែរក្សាសុខភាព ព្យាយាមឱ្យមានគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺដ៏កាចសាហាវនេះ។ តែកម្ពុជា មានសំណាងបំផុត ដែលមានថ្នាក់ដឹកនាំសម្តេចតេជោ មានយុទ្ធសាស្ត្រត្រឹមត្រូវ មានវិធានការទាន់ពេលវេលា ដែលអាចទប់ស្កាត់ជំងឺនេះមិនឱ្យរីករាលដាលដល់សហគមន៍។

លោកបានបន្ថែមថា ការចូលរួមក្នុងកម្មវិធី Roadshow Employer TVET-Advocacy ការផ្សព្វផ្សាយបង្កើនកិច្ចសហការរបស់និយោជកនិងវិស័យឯកជន ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ដើម្បីយល់អំពីសារៈសំខាន់នៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដំណើរការទូទៅ និងអត្ថប្រយោជន៍របស់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងកម្មវិធីចុះកម្មសិក្សារបស់សិក្ខាកាម សិស្ស និស្សិត និងការបញ្ជូនគ្រូបច្ចេកទេសទៅក្នុងឧស្សាហកម្ម។

លោកបានបន្ថែមថាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀង ត្រូវទទួលរ៉ាប់រងការងារធំៗ ក្នុងដំណាក់កាលនៃការវិវត្តន៍វិស័យបច្ចេកវិទ្យាក៏ដូចជា៖ បដិវត្តឧស្សាហកម្មជំនាន់ទី៤ (IR4.0) ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល ផលិតភាពការងារ របស់កម្មករ និយោជិត នៅក្នុងតំបន់ជាពិសេសក្នុងខេត្តស្វាយរៀង។

លោកក៏បានសំណូមពរដល់លោក លោកស្រីសូមចូលរួមសហការជាមួយវិទ្យាស្ថាន ក្នុងកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សាដើម្បីឲ្យស្របតាមស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការក្នុងផ្តល់ទីកន្លែងសម្រាប់ឱ្យសិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឱ្យចូលបម្រើការងារនៅពេលបញ្ចប់ការសិក្សា ។

បើតាមលោក មុត ចិន្តា បានឱ្យដឹងថា កម្មវិធី Roadshow Employer TVET-Advocacy ការផ្សព្វផ្សាយបង្កើនកិច្ចសហការរបស់និយោជក និងវិស័យឯកជន ជាមួយវិទ្យាស្ថានពហុ បច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងថ្ងៃនេះ មានគោលបំណងធំៗ២ទី១៖ ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្រិតបណ្តុះបណ្តាលនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, ទី២៖ ការបង្ហាញអំពីការទំនាក់ទំនងគ្នារវាងវិទ្យាស្ថាន និងរោងចក្រសហគ្រាស ការចុះកម្មសិក្សារបស់សិស្ស និស្សិត និងតម្រូវការជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោកក៏បានស្នើសុំរោងចក្រ សហគ្រាសទាំងអស់បង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងបង្កើនការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបំពេញតម្រូវការគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក្នុងន័យលើកកម្ពស់ជំនាញឱ្យស្របទៅនឹងបច្ចេកវិទ្យាបច្ចុប្បន្ន និងផលិតភាពការងារ៕