(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបជនសង្ស័យម្នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនជិត១គីឡូក្រាម។

មន្ត្រីនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះថា ករណីបង្ក្រាបជនសង្ស័យនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមដងផ្លូវលំ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុងសំរោង ខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការចុះបង្ក្រាបគ្រឿងញៀននេះ ដឹកនាំការបង្ក្រាបដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រោមការដឹកនាំបញ្ជា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ សួន សុធន់ អាយុ១៦ឆ្នាំ បានសារភាពថា គ្រឿងញៀននេះ គឺខ្លួនបានទិញពីឈ្មោះ ឡិច ភេទប្រុស នៅមុខវិទ្យាល័យសុខាផល្លី ទីរួមខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានរួមមាន គ្រឿងញៀនប្រភេទតំហ្វេតាមីនទម្ងន់ ៦៧៧.៥៧ក្រាម៕