(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ នៅល្ងាចថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៦នេះថា កម្លាំងជំនាញប្រចាំការនៅ BLO ត្រពាំងគ្រៀល និងណងណុកឃានខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ បានសហការគ្នា បើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនជាតិឡាវ៥នាក់ ជាមេជួញដូរគ្រឿងញៀនដ៏ធំ ហើយតែងតែធ្វើសកម្មភាព នាំយកគ្រឿងញៀន ពីឡាវមកលក់និងចែកចាយនៅតាមតំបន់មួយចំនួននៅកម្ពុជា។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួនជនសង្ស័យទាំង៥នាក់ កម្លាំងនគរបាលបាន ដកហូតម៉េតំហ្វេតាមីន WY ២០០០០គ្រាប់ រថយន្ត២គ្រឿង និងអាវុធខ្លី២ដើមផងដែរ។លោកឧត្តមសេនីយ៍បាន ប្រាប់អង្គភាព Fresh Newsថា ជនសង្ស័យទាំង៥នាក់ ត្រូវ បានកម្លាំងនគរបាលរបស់យើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើការស្រាវជ្រាវ ប៉ុន្តែពេលចុះស្រាវជ្រាវនោះ ជនសង្ស័យទាំង៥នាក់នោះ មិនព្រម មកដីកម្ពុជាទេ ដូច្នេះយើងក៏សុំកិច្ចសហការជាមួយកម្លាំងBLOឡាវចាប់ខ្លួនបានតែម្តង។
ក្រោយការចាប់ខ្លួន មេជួញដូរគ្រឿងញៀនទាំង៥នាក់ ព្រមទាំងវត្ថុតាង យើងបានប្រគល់ ទៅឲ្យភាគីឡាវយកទៅចាត់ការតាមផ្លូវច្បាប់ហើយ៕