(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណង ការតាំងទីលំនៅថ្មីជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង។
កិច្ចប្រជុំនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក គីម ម្យុងអ៉ីល (Kim Myung-il) អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power) របស់ប្រទេសកូរ៉េខាងត្បូង លោក-លោកស្រីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាល ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាឃុំដែលមានការពាក់ព័ន្ធ និងប្រតិភូជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះក៏មានរបៀបវារៈផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការទទួលពាក្យរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងលើទីតាំងដីគម្របព្រៃឈើ និងតំបន់ការពារធនធានធម្មជាតិ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាក្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានផងដែរ។
នាឱកាសនោះ លោក ម៉ៅ ធនិន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់បន្ថែមសម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេសទៀត ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស។
លោកអភិបាលខេត្តបានឱ្យដឹងថា អ្វីដែលជាការចាប់ផ្តើម ចាំបាច់បំផុតគឺការដោះស្រាយផលប៉ះពាល់ ដូច្នេះស្នើឱ្យអាជ្ញាធរស្រុកពិនិត្យជាក់ស្តែង និងរក្សាបច្ចុប្បន្នភាពគ្រួសារដែលត្រូវទទួលសំណងចំនួន ៣៤៧គ្រួសារ ស្នើនឹង ១៤៣៦នាក់ ឱ្យនៅដដែល។
លោកបានបន្ថែមថា ចំពោះទីតាំងលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋទាំងនោះ ត្រូវឱ្យក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធចុះសិក្សាសាជាថ្មីម្តងទៀត ដើម្បីប្រាកដថាតើដីនៅតំបន់នោះ អំណោយផលទៅលើដំណាំកសិកម្មដែរឬក៏អត់? លោកបានបន្តទៀតថា ផ្ទះដែលសាងសង់ជូនប្រជាពលរដ្ឋ គួរតែស្ថាបនាផ្ទះគម្រូមួយខ្នង ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
ជាមួយគ្នានោះ លោកអភិបាលខេត្តបានធ្វើការណែនាំដល់តំណាងក្រុមហ៊ុនវិនិយោគ រាល់ការងារក្នុងការដ្ឋានត្រូវមានកិច្ចសហការល្អ ជាមួយក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ឬអាជ្ញាធរដែនដី ដើម្បីពន្លឿន និងបញ្ជៀសនូវហានិភ័យនៃការអនុវត្តន៍គម្រោងខាងលើ។
ក្នុងថ្ងៃដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក ម៉ៅ ធនិន បានបន្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងផ្ទាល់ដៃជូនប្រជាពលរដ្ឋក្រីក្រ និងគ្រួសារខ្វះខាតស្បៀងពិតប្រាកដបានជាង ៣០០នាក់ នៅសាលាខេត្តពោធិ៍សាត់ផងដែរ។
គួរជម្រាបថាមកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឫស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែងភាគឦឥសាននៃប្រទេសកម្ពុជា។
កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន ៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន ៦០មេហ្គាវ៉ាត់៕