(សៀមរាប)៖ ស្ថានទូតបារាំងបានបង្ហាញការប្ដេជ្ញាថា នឹងខិតខំធ្វើយ៉ាងណាឱ្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលខ្លួនជាអ្នកផ្តល់ហរិញ្ញប្បទាននោះ ដំណើរការដោយភាពរលូន និងមានតម្លាភាព ព្រមទាំងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយអាជ្ញាធរជាតិអប្សរាផងដែរ។

ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើងក្នុងពេលទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា លោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (Chistophe Gigaudaut) ចុះធ្វើទស្សនកិច្ចនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ជាមួយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីស្វែងយល់ពីការងារទូទៅ។

ទស្សនកិច្ចនេះ ជាទស្សនកិច្ចដំបូងរបស់សហប្រធានភាគីបារាំង ខណៈដែលលោកទើបនឹងចូលមកជំនួសការងាររបស់អតីតសហប្រធានចាស់ ដែលចប់អាណត្តិ។

លោក គ្រីស្ដុហ្វ ហ្សីហ្កូដូ បានវាយតម្លៃខ្ពស់ និងបានសម្ដែងអារម្មណ៍រីករាយ ក្នុងការបំពេញទស្សនកិច្ចមកកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នាពេលនេះ។ លោកថា ទស្សនកិច្ចជាលើកដំបូងនេះ គឺដើម្បីស្វែងយល់កាន់តែស៊ីជម្រៅលើការងារនានា និងដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងភាគីបារាំង និងអាជ្ញាធរជាតិអប្សរា កាន់តែល្អប្រសើរ។

តំណាងស្ថានទូតបារាំងរូបនេះបានប្ដេជ្ញាថា លោកនឹងខិតខំធ្វើយ៉ាងណាឱ្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលភាគីបារាំងផ្តល់ហរិញ្ញប្បទានសម្រាប់ការជួសជុលនោះ ដំណើរការដោយរលូន និងមានតម្លាភាព។

លោក ហង់ ពៅ បានបង្ហាញសេចក្ដីសោមនស្សចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ហើយលោកក៏មានការរំពឹងថា សហប្រធានថ្មីរបស់ស្ថានទូតបារាំងនឹងបន្តកិច្ចសហប្រតិបត្តិការ នៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនេះឱ្យកាន់តែល្អប្រសើរ និងបានដោយរលូនទៅតាមការគ្រោងទុករបស់ភាគីទាំងពីរ៕