(ភ្នំពេញ)៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ៍ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បាននិមន្តអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រគេនប្រកាសនីយប័ត្រ តែងតាំងងារជា ព្រះគ្រូ ដល់ព្រះចៅអធិការ៦អង្គ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) រាជធានីភ្នំពេញ។
ពិធីនេះក៏ដោយមានការអញ្ជើញ និងនិមន្តចូលរួមពីព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយសជា ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ, ព្រះសន្តិកោសល ប៉ិន គង្គា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជ និងលោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង។
យោងប្រកាសនីយប័ត្រ សម្តេចព្រះមហាសុមេនាធិបតីសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំង៖
ទី១៖ ព្រះភិក្ខុ អ៊ុច សុផល នាមឆាយា សច្ចធនោ ព្រះសមុហ៍អនុគណស្រុករលាប្អៀរ ព្រះចៅអធិការវត្តជីវរង្សី (វត្តដំណាក់កី) ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងឱ្យឡើងជា ព្រះគ្រូសិរីបញ្ញាញ្ញាណ នៃគណៈមហានិកាយ។
ទី២៖ ព្រះភិក្ខុ ម៉ុច សៅលី នាមឆាយា បញ្ញាបទីបោ ជាព្រះចៅអធិការវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ស្ថិតក្នុងភូមិស្រងាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងឲ្យឡើងជាព្រះគ្រូសិរីមង្គលមុនី នៃគណៈមហានិកាយ។
ទី៣៖ ព្រះភិក្ខុ នាង ភិរុណ នាមឆាយា យន្តទិន្នោ ព្រះចៅអធិការវត្តបន្ល័ង្គ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងឲ្យឡើងជាព្រះគ្រូ វិសុទ្ទិវង្សាចារ្យ នៃគណៈមហានិកាយ។
ទី៤៖ ព្រះភិក្ខុ សេង ដា នាមឆាយា ឥន្នប្បញ្ញោ ព្រះចៅអធិការវត្តធម្មរតនសោភា-ទ្រា ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងឲ្យឡើងជា ព្រះគ្រូសិរីធម្មវង្សា នៃគណៈមហានិកាយ។
ទី៥៖ ព្រះភិក្ខុ សុត ឡាង នាមឆាយា ចន្ឆជោតោ ព្រះចៅអធិការវត្តបល្ល័ង្គរង្សី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងឲ្យឡើងជា ព្រះគ្រូសីលឧត្តមវង្សា នៃគណៈមហានិកាយ។
ទី៦៖ ព្រះភិក្ខុ សុខ ចាន់វីរៈ នាមឆាយា ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោនារាម ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំងឲ្យឡើង ជាព្រះគ្រូ យសបញ្ញាញ្ញាណ នៃគណៈមហានិកាយ៕