(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត បានបង្ហាញពីការបើកឱកាសឱ្យអ្នកបោះបង់ការសិក្សា ស្រ្តីមេម៉ាយ ក្មេងកំព្រា ជនពិការ និងជនទីទាល់ក្រមកទទួលវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យបានច្រើន ដើម្បីមានចំណេះជំនាញយកទៅប្រកបមុខរបរ សំដៅជួយជំរុញជីវភាពឱ្យកាន់តែប្រសើរឡើង។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់ (VSTP) ជំហាន ៣ របស់គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
នាឱកាសនោះ លោកអភិបាលខេត្តបានស្នើដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជំរុញដល់ប្រជាពលរដ្ឋឱ្យមកទទួលសេវាបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈឱ្យបានច្បាស់លាស់។
លោកថា ការខិតខំបែបនេះគឺដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមទទួលវគ្គបណ្តុះបណ្តាលនេះឲ្យបានគ្រប់គ្នាៗ សំដៅលើកកម្ពស់វិស័យការងារ និងប្រាក់ចំណូល ក្នុងគោលបំណងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ជាពិសេសចូលរួមដោះស្រាយផលប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានមួយកម្រិតផងដែរ។
លោកអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ហើយគោលនយោបាយនេះ មិនត្រឹមតែមានគោលបំណងជួយលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនេះក៏មានវិធានការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅធ្វើប្រទេសផងដែរ។
លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ចំពោះវគ្គបណ្តុះបណ្តាលនេះ ធ្វើយ៉ាងណាផ្តល់ចំណេះ និងជំនាញច្បាស់លាស់ដល់ពួកគាត់ តាមតម្រូវការទីផ្សារការងារក្នុងការប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ ហើយត្រូវពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបច្ចេកទេសក្នុងមជ្ឈមណ្ឌល ដើម្បីធ្វើការផ្តល់ជំនាញ និងវិជ្ជាជីវៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។
លោក ឃុន សុខឿន នាយកមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា ដើម្បីចូលរួមចំណែកសម្រេចនូវគោលបំណង និងនយោបាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលមានវិធានការមួយចំនួន ដូចជា បង្កើនការទំនុកចិត្តពីសង្គម និងសិស្សពីអ្នកត្រូវការជំនាញបច្ចេកទេស ធានាលក្ខខណ្ឌក្រោយបញ្ចប់ការសិក្សា មានការងារធ្វើអភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកទេស និងវីជ្ជាជីវៈ ជំរុញ និងអភិវឌ្ឍន៍ព័ត៌មានទីផ្សារការងារ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័ននានា ក្រុមហ៊ុន សហគ្រាស ក្នុងការស្វែងរកជំនាញ និងកន្លែងការងារ លើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងពង្រឹងអភិបាលកិច្ចល្អ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺមានវគ្គបច្ចេកទេស សេវាកម្ម ជំនាញ និងកសិកម្ម ដែលមានសិស្សសរុបចំនួន ៥៩២នាក់ ក្នុងនោះការបណ្តុះបណ្តាលក្នុងសហគមន៍មានសិស្សចំនួន ៥៥១នាក់ សហគ្រាស ២៧នាក់ និងការបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលចំនួន ១៤នាក់ផងដែរ៕