(ភ្នំពេញ)៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន តាមសំណើរបស់នាយឧត្តមសេនីយ៍ YUASA Goro ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនង និងឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។

គួររំលឹកផងដែរថា នាយឧត្តមសេនីយ៍ YUASA Goro ទើបបានដឹកនាំគណៈប្រតិភូកងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរ ក៏បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការចូលរួមរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន នៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមដ៏ធ្ងន់ធ្ងរមួយ និងដែលកំពុងនៅបន្តរាតត្បាតពិភពលោកនៅឡើយ។

ក្នុងនោះ នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងត្រឹមត្រូវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងវិធានការទាំងឡាយដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអនុវត្តនៅក្នុងការងារនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីសារសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសជាមិត្ត ជាអាទិ៍ កម្ពុជា-ជប៉ុន ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកើតមាន ដោយបានសង្កត់ធ្ងន់ថា បញ្ហាកូវីដ-១៩ ជាបទពិសោធន៍ថ្មីមួយសម្រាប់ទាំងអស់គ្នា ទាំងការសហការដោះស្រាយផ្ទៃក្នុងប្រទេសនីមួយៗ ក៏ដូចជាការសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសជាដៃគូនៅក្នុងឆ្លើយតបនឹងជំងឺដ៏កាចសាហាវនេះ។ ឆ្លងតាមការប្រឈមនៃការដោះស្រាយរួមគ្នាលើបញ្ហាកូវីដ-១៩នេះ ទាំងអស់គ្នានឹងអាចស្វែងរកនូវចំណុចខ្លាំង និងចំណុចប្រឈមនានា ដើម្បីឈានទៅពង្រឹងនូវយន្តការនៃការសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែប្រសើរឡើង។

នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការពេញចិត្ត និងការអរគុណចំពោះការបន្តរក្សានូវទំនាក់ទំនងដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ទោះបីក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ ដែលស្តែងឡើងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនេះ និងបានបញ្ជាក់ឡើងវិញអំពីការគោរពអញ្ជើញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។

ជាចុងក្រោយ ថ្នាក់ដឹកនាំកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានឯកភាពគ្នាទៅលើសារៈសំខាន់នៃកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសរវាងកងទ័ព និងកងទ័ព ជាអាទិ៍ ការរួមគ្នាបង្កើនសមត្ថភាពឆ្លើយតបនឹងយថាហេតុគ្រោះមហន្តរាយផ្សេងៗ, ការផ្តល់ឱកាសក្នុងការលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការបង្កើតឱកាសឱ្យមានការភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនារវាងយោធិនគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាដើម ដែលសុទ្ធសឹងជាមូលដ្ឋាននៅក្នុងការទំនាក់ទំនងយូរអង្វែង ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ ឬបញ្ចប់ក្នុងពេលខាងមុខនេះ កងទ័ពជើងគោកទាំងពីរនឹងអាចបន្តជំរុញនូវល្បឿននៃកិច្ចសហប្រតិបត្តិការទាំងនេះឱ្យមានសន្ទុះឡើងវិញ៕