(ក្រចេះ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសថា ខ្លួនបិទបញ្ចប់ហើយការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋសរុបចំនួន ១,៣៨២គ្រួសារ ដែលរស់នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
សេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងបានបានឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រចេះ បានបែងចែកដីសម្បទានសង្គមកិច្ចនេះ ជូនប្រជាពលរដ្ឋសរុបចំនួន ១,៣៨២ គ្រួសារ ដោយបែងចែកជា ៣ក្រុម រួមមាន៖ ក្រុមទី១ មានចំនួន ៩៩៨គ្រួសារ, ក្រុមទី២មានចំនួន ៣៥៣គ្រួសារ និងក្រុមទី៣មានចំនួន ៣១គ្រួសារ។
ការបែងចែកដីសម្បទានសង្គមកិច្ចនេះ គឺស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន ហើយត្រូវបានបញ្ចប់ទាំងស្រុងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងបានគូសបញ្ជាក់ទៀតថា ដោយសារតែគ្មានការតវ៉ាណាមួយទៀតនោះ ក្រសួងបានសម្រេចបិទបញ្ចប់ការងារបែងចែកនេះ ចាប់ពីថ្ងៃនេះតទៅ។
ក្រសួងបានសង្កត់ធ្ងន់ថា ក្នុងករណីមានការតវ៉ាទាមទារដីធ្លីនៅពេលក្រោយទៀត ដោយអះអាងថាសាមីខ្លួនជាក្រុមណាមួយនៃក្រុមប្រជាពលរដ្ឋទាំង៣ខាងលើនោះ ក្រសួង និងស្ថាប័នពាក់ព័ន្ធចាត់ទុកថាជាការបង្កើតវិវាទដីធ្លីថ្មី ដែលនឹងមិនត្រូវលើកយកមកដោះស្រាយ និងត្រូវចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី៖