(បន្ទាយមានជ័យ)៖ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះសរុបជាង ២០០នាក់ ចុះរុញច្រាន និងបារកំប្លោកស្អុយរលួយ និងកកស្ទះ នៅក្នុងស្ទឹងភ្នៀត ស្ថិតក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់សោភណភាពក្នុងស្ទឹង និងបង្កលក្ខខណៈងាយសម្រួលដល់ការរស់នៅរបស់ត្រី និងធនធានជីវៈចម្រុះក្នុងស្ទឹង។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ក្នុងពេលដឹកនាំកម្លាំងចុះបារកំប្លោកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ទឹងភ្នៀត ជាកន្លែងអភរក្សត្រី ហើយក៏ជាប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋផងដែរ។ ការបារសម្អាតកំប្លោកនេះ ជួយសម្អាតបរិស្ថាន ធ្វើឱ្យទឹកស្អាតសម្រាប់ត្រីរស់នៅ ហើយក៏ទាញបានទឹកស្អាតសម្រាប់ពលរដ្ឋប្រើប្រាស់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជារកាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណ ៥៥នាក់ចូលរួមក្នុងប្រតិបត្តិការនេះដែរនោះ បានលើកឡើងថា ក្រៅតែពីការងារស្នូលក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ហើយនោះ ការងារសង្គមក៏ជាភារកិច្ចម្បងរបស់កងរាជអាវុធហត្ថផងដែរ។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ទុកការចុះបារកំប្លោកនេះ ជាការរួមចំណែកមួយក្នុងកិច្ចការសង្គម។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាអនាម័យ សម្អាតបរិស្ថានឲ្យបានស្អាត ជៀសវាងការចោលកាកសំណល់រាយប៉ាយដែលនាំឲ្យខូចបរិស្ថានក្នុងស្ទឹងបន្តទៀត ក្រោយពីបាររួចរាល់ហើយនោះ៕