(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) ជាមួយក្រុមហ៊ុនអ៊ិនធឺណិត លំដាប់ខ្ពស់ EZECOM ដើម្បីភាពផ្លាស់ប្តូរថ្មីក្នុងវិស័យអប់រំ លើគម្រោងសិក្សាតាមប្រព័ន្ធអ៊ិនធឺណិត និងជំរុញការសិក្សាតាមប្រព័ន្ធអ៊ិនធឺណិត នៅក្នុងប្រទេសកម្ពុជា និងជាចំណុចដំបូងដ៏សំខាន់ ក្នុងដំណើរអភិវឌ្ឍឈានឡើង នៃវិស័យអប់រំនៅកម្ពុជា។
ពិធីចុះចុះ MoU នេះ ធ្វើឡើងនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខអ្នកការពីក្រសួងអប់រំ និងថ្នាក់ដឹកនាំក្រុមហ៊ុន EZECOM ផងដែរ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្ងៃនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអ៊ិនធឺណិត EZECOM អាចចាប់ផ្តើមសកម្មភាពតភ្ជាប់បណ្តាញអ៊ិនធឺណិតទៅកាន់ ទីតាំងទាំង៦២ ក៏ដូចជាចាប់ផ្តើមធ្វើសកម្មភាពផ្សព្វផ្សាយ តាមរយៈយុទ្ធនាការ «មករៀនជាមួយយើង» ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងគម្រោងមួយនេះ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះគម្រោងមួយនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់សកម្មភាព សិក្សាតាមអ៊ិនធឺណិតនេះផងដែរ។
លោកស្រី Yuni Lee Heathcote បានឱ្យដឹងថា ក្រុមហ៊ុន EZECOM ពិតជាមានកិត្តិយសដែលបានធ្វើជាដៃគូ និងជាអ្នកគាំទ្រមួយក្នុងគម្រោងដ៏មានសារសំខាន់មួយនេះ ដើម្បីជំរុញនិងលើកកម្ពស់សកម្មភាពសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនអ៊ិនធឺណិតលំដាប់ខ្ពស់ EZECOM គឺជាដៃគូសហការ ដ៏ល្អបំផុតនៅក្នុងការផ្គត់ផ្គង់នូវសេវាអ៊ីនធឺណិតគុណភាពខ្ពស់ និងដំណោះស្រាយ WiFi ទៅកាន់វិទ្យាល័យនានា ទាំងនៅក្នុងរាជធានីភ្នំពេញ ព្រោះក្រុមហ៊ុនមាន បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងការគ្របដណ្ដប់ទូលំទូលាយ។
លោកស្រីបានបន្ថែមទៀតថា សេវាកម្មអ៊ិនធឺណិតប្រកបដោយគុណភាព និងរលូនឥតអាក់ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ហើយត្រូវខិតខំផ្សព្វផ្សាយអំពីគម្រោងមួយនេះ ឱ្យបានដឹងលឺទៅដល់សិស្សានុសិស្ស ក៏ដូចជាសមាជិកក្នុងសហគមន៍ផ្សេងទៀត ដើម្បីធានាថាគម្រោងនេះ ផ្តល់ផលប្រយោជន៍ខ្ពស់បំផុត ដល់សិស្សានុសិស្សច្រើននាក់បំផុត។
បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ក្រុមហ៊ុន EZECOM នឹងចាប់ផ្តើមសកម្មភាពរៀបចំ និងតភ្ជាប់ហេដ្ឋារចនាសម័្ពន្ធចាំបាច់នានា ដើម្បីនាំភ្ជាប់សេវាអ៊ិនធឺណិត គុណភាពខ្ពស់ទៅដល់វិទ្យាល័យ និងទីតាំងទាំង ៦២កន្លែង។ សកម្មភាពរៀបចំ និងតភ្ជាប់នេះអាចត្រូវចំណាយពេលពីរទៅបីខែក្នុងការអនុវត្ត ដូច្នេះសិស្សានុសិស្ស អាចនឹងចាប់ផ្តើមប្រើប្រាស់នូវវេទិកាសិក្សាតាមប្រព័ន្ធអ៊ិនធឺណិតនេះបាន នៅចុងឆ្នាំ២០២០នេះហើយ។
លោកស្រីអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន បន្ថែមថា ការងារតភ្ជាប់បណ្តាញអ៊ិនធឺណិត EZECOM នឹងចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយតាមរយៈយុទ្ធនាការ «មករៀនជាមួយ យើង» ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សិស្សានុសិស្ស និងសមាជិកក្នុងសហគមន៍ក៏ដូចជាពង្រីកវិសាលភាពប្រើប្រាស់ នៃវេទិកាសិក្សា តាមប្រព័ន្ធអេឡិចត្រូនិចនេះតាមទម្រង់ផ្សេងទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន EZECOM បានសហការជាមួយក្រសួងអប់រំ ឬចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះក្រុមហ៊ុន EZECOM បានចូលរួមយ៉ាងសកម្មជាមួយគម្រោងតូច ធំ ជាច្រើនក្នុងវិស័យអប់រំ រាប់តំាងពីការតភ្ជាប់សេវាអ៊ិនធឺណិត ឥតគិតថ្លៃដល់សាលា និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ការបង្កើតគេហទំព័រអប់រំលើប្រព័ន្ធអ៊ិនធឺណិត និងការឧបត្ថម្ភក្នុងកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតជាដើម។ ទោះជាយ៉ាងនេះក្តីគម្រោងថ្ងៃនេះគឺជាគម្រោងទំនួលខុសត្រូវសង្គម ឬ CSR ធំជាងគេ និងមានសក្តានុពលខ្លាំងជាងគេរបស់ក្រុមហ៊ុន EZECOM ក្នុងវិស័យអប់រំ។
សូមជម្រាបថា ក្រុមហ៊ុន EZECOM បង្កើតឡើងក្នុងឆ្នាំ២០០៧ និងបានពង្រឹងសេវាកម្មរបស់ខ្លួន និងក្លាយជាក្រុមហ៊ុនសេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា។ ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រពីស្ថាប័នវាយតម្លៃគុណភាពអាយអេសអូ (ISO) ហើយក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនបានជាប់ការវាយតម្លៃគុណភាពជាថ្មីម្តងទៀតសម្រាប់កម្រិតស្តង់ដារថ្មី ISO 9001:2015 ព្រោះក្រុមហ៊ុនមានការគ្រប់គ្រងគុណភាព យ៉ាងរឹងមាំបូកផ្សំ ជាមួយសេវាកម្មដ៏លេចធ្លោ៕