(ភ្នំពេញ)៖ ដោយការមានការអំពាវនាវស្វែងរកសម្បុរសជន ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា Dr. Beat Richner និងយល់ឃើញថា ការបរិច្ចាគឈាមជួយសង្គ្រោះអ្នករងរបួស ឬអ្នកជំងឺធ្ងន់ធ្ងរ គឺជាកាយវិការប្រកបដោយមនុស្សធម៌ និងគុណធម៌មិនអាចកាត់ថ្លៃបាន នាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន២០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ រាជធានីភ្នំពេញ។
ដើម្បីជាការអបអរសាទរគំរប់ខួប ២០ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ លោកទន្តបណ្ឌិត ទិត ហុងយឺ ជាអគ្គនាយកមន្ទីរពេទ្យ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០លានរៀល ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីផ្តល់លទ្ធភាពដល់មន្ទីរពេទ្យ ឲ្យរក្សារបាននូវសេវាព្យាបាលមានគុណភាពសំរាប់កុមារ និងស្រ្តីកម្ពុជា ជារៀងរហូត។
អស់រយៈពេល ២០ឆ្នាំកន្លងមកនេះ រំចង់ បានពុះពារគ្រប់បែបយ៉ាងដើម្បីផ្តល់ជូននូវសេវាពេទ្យធ្មេញ ដែលមានគុណភាព និងបច្ចេសទេសខ្ពស់ជូនដល់អតិថិជនជាតិ និងអន្តរជាតិ នឹងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 9001:2008 ប្រកបដោយភាពល្បីល្បាញ ជាពេទ្យធ្មេញល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។
គណគ្រប់គ្រង និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សូមចូលរួមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ ចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យដែលត្រូវការឈាមជាចាំបាច់។
ក្នុងឱកាសខួប ២០ឆ្នាំរបស់មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទ្រង់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត។ យើងខ្ញុំសូមជូនពរដល់អតិថិជន និងប្រជាពលរដ្ឋទាំងអស់លើសកលលោកឲ្យមានសុខភាពល្អ សិរីសួស្តី សុភមង្គល និងរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ពេលវេលា៕