(ឧត្តរមានជ័យ)៖ អភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២០នេះ ដោយលោក ហាំង ម៉េង អតីតអភិបាល ស្រុកបន្ទាយអំពិល ជំនួសលោក នៅ សំតារារិទ្ធ អតីតអភិបាលស្រុកត្រពាំងប្រាសាទ ត្រូវផ្ទេរភារកិច្ច ជាអភិបាលស្រុកបន្ទាយអំពិលវិញ។
ពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកត្រពាំងប្រាសាទថ្មីនៅពេលនេះ ស្ថិតក្រោមវត្តមានលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានផ្តាំផ្ញើរទៅលោកអភិបាលស្រុកត្រពាំងប្រាសាទថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសហការយ៉ាងជិតស្និតជាមួយមន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដើម្បីឱ្យការដឹកនាំទទួលបានលទ្ធផលល្អប្រសើរ ទាំងការងារអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធនានា ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងស្រុកផងដែរ៕