(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី សារសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ព្រមទាំងមានបង្ហាញពីបទពិសោធន៍ និងគន្លឹះសំខាន់ៗ ដល់សិស្ស និស្សិត ដែលកំពុងសិក្សានៅឧត្តមសិក្សា ឱ្យខិតខំប្រឹងសិក្សាស្រាវជ្រាវបន្ថែម ក្រៅពីសិក្សានៅក្នុងសាលា ដើម្បីជាបង្កើនសមត្ថភាពចំណេះដឹង និងការអនុវត្តផ្ទាល់ក្នុងការប្រកួតប្រជែងទីផ្សារការងារ នាសម័យបដិវឌ្ឍឧស្សាហកម្ម៤.០។
ដោយសារតែបច្ចុប្បន្ននេះ កម្ពុជាបានបើកនូវទីផ្សារសេរី ក្នុងនោះការជ្រើសរើសយកការសិក្សារៀនសូត្រ របស់សិស្ស និងនិស្សិត មិនត្រូវបានរឹតត្បិតនោះទេ។ ការសិក្សាសព្វថ្ងៃនេះ យុវវ័យភាគច្រើនបានកំពុងចាប់យកជំនាញទៅតាមការចូលចិត្តរបស់ ខ្លួនហាក់មិនគិតពី ទីផ្សារការងារនៅពេលអនាគតនោះទេ។
ការសិក្សាសព្វថ្ងៃនេះមានពីរ សម្រាប់ជ្រើសរើសជាជំនាញមានការសិក្សាចំណេះដឹងទូទៅនិងការសិក្សាជំនាញបច្ចេកទេស។ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថាពីមួយឆ្នាំ ទៅមួយឆ្នាំមាននិស្សិតកម្ពុជា ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅតែប្រឈមនឹងភាពអត់ការងារធ្វើ។ បញ្ហានេះ បណ្ដាលមកពីនិស្សិតភាគច្រើននាំគ្នារៀន តែមុខជំនាញសេដ្ឋកិច្ច និងធុរកិច្ចមិនសូវចាប់អារម្មណ៍រៀនជំនាញបច្ចេកទេសដូចជា មុខជំនាញកសិកម្មសំណង់ និងជាងម៉ាស៊ីនជាដើម។
បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា បានបង្ហាញពីបទពិសោធន៍ និងគន្លឹះយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ វាមានឱកាសល្អ ល្អបង្កើតកម្មវិធី ដើម្បីឱ្យគាត់ជ្រើសរើសមុខវិជ្ជា អញ្ចឹងអ្នកដែលមានបទពិសោធន៍បានធ្វើបទសោធន៍ បានបង្ហាញថាត្រូវជ្រើសរើសមុខវិជ្ជាអី?»។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា «សូម្បីតែរូបលោកផ្ទាល់ ជាមនុស្សម្នាក់ដែលប្រឡងថ្នាក់មធ្យមសិក្សាធ្លាក់ផងដែរ គឺត្រឹមតែបម្រុងតែប៉ុណ្ណោះ។ ដូច្នេះ លោកសួរថា តើការជ្រើសរើសមុខវិជ្ជារបស់យុវជន គឺរើសតាមបងប្អូន រើសតាមមិត្តភក្តិ ដោយមិនបានគិតពីគុណភាពពីការអប់រំ»។
ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបញ្ជាក់ថា ទីផ្សារការងារបច្ចុប្បន្ននេះ សិក្សាលើមុខវិជ្ជាអ្វីក៏ដោយក៏សំខាន់ដែល ឱ្យតែចេះប្រាកដនឹងរុញជំនាញរបស់ខ្លួន ដែលបានសិក្សាទៅបង្កើត ការងារធ្វើបានផងដែរ។ លោកបានបង្ហាញការជឿជាក់ថា វិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់ ក្នុងពេលបច្ចុប្ប ន្ននេះ ពីព្រោះប្រទេសកម្ពុជា ជាប្រទេសលក់សេវាកម្ម ដូច្នេះត្រូវការធនធានមនុស្សដែលមានសមត្ថភាពលើផ្នែកសេវាកម្មទាំងអស់នោះជាដើម។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ការសិក្សាស្រាវជ្រាវដោយខ្លួនឯង គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អនាគតការងាររបស់ខ្លួ នក្រោយបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ប៉ុន្តែ ប្រសិនបើសិស្ស និស្សិត បានស្រាវជ្រាវបន្ថែមនោះវានឹងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ពួកគាត់ផងដែរ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការទម្រង់ទិស និងជំនាញសិស្ស និស្សិត នៅថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាដែលបានឆ្លុះបញ្ចាំងពីការរៀបចំសម្រិតសម្រាំងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសកម្ពុជា និងទីផ្សារការងារនៅលើសកលលោក។
លោកបណ្ឌិត ហោ ប៉េង សកលវិទ្យាធិការ សាកលើវិទ្យាល័យជាតិគ្រប់គ្រង បានឱ្យដឹងថា បច្ចុប្បន្ននេះ ឱកាសទីផ្សារការងារសម្រាប់យុវជនមានច្រើន ក៏ប៉ុន្តែ អាស្រ័យទៅលើចំណេះដឹង បទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់យុវជនតែប៉ុណ្ណោះ។ ជាពិសេសប្រសិនបើយុវជនជ្រើសរើសមុខវិជ្ជាណាមួយដែលខ្លួនសិក្សាបានច្បាស់លាស់ ច្បាស់ណាស់យុវជននោះនឹងទទួលបានការងារ ព្រមទាំងប្រាក់ខែដូចគ្រាប់ពេជ្រចែងចាំងផងដែរ។
ក្នុងចំណោមគោលដៅ១៧ចំណុច របស់អង្គការសហប្រជាជាតិ ដែលបានដាក់ជូនរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ២០១៦-២០៣០ ខាងមុខ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែលើកកម្ពស់វិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយៈការផ្ដល់ជំនាញបច្ចេកទេស ដល់ធនធានមនុស្សជំនាន់ក្រោយធ្វើយ៉ាងណាឈានទៅបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែងបញ្ចប់ ភាពអត់ឃ្លាន ដើម្បីធានាសម្រេចឱ្យបាននូវសន្តិសុខស្បៀងនៅកម្ពុជា៕