(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេសាទ ស្ថិតនៅភូមិត្រពាំងរពៅ ភូមិព្រែកក្រែង និងភូមិព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បានស្នើឱ្យបញ្ឈប់គម្រោង ក្រុមហ៊ុន ជីង គ័រ ដែលប្រុងចាក់ដីបំពេញឆ្នេរសមុទ្រនៅដែននេសាទរបស់ពួកគេ ដើម្បីបង្កើតតំបន់អភិវឌ្ឍកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។ នេះពាក្យបណ្តឹងរបស់សហគមន៍នេសាទទាំងនោះ ផ្ញើទៅកាន់សមាគមអាដហុក ប្រចាំខេត្តកំពត។
តាមរយៈលិខិតនោះ ប្រជាពលរដ្ឋ បានលើកឡើងថា ដីដែលក្រុមហ៊ុនជីងគ័រ បានស្នើ ទំហំ៦៤០ហិកតា បានត្រួតស៊ីគ្នាទៅនឹងដែននេសាទរបស់ពួកគេ ដែលកំពុងនេសាទលក្ខណៈគ្រួសារជាប្រចាំដើម្បីចិញ្ចឹមជីវិត។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា «បើសហគមន៍យើងខ្ញុំបាត់បង់ដែននេសាដែលផ្តល់ ដោយរាជរដ្ឋាភិបាល យើងខ្ញុំនឹងប្រឈមមុខនឹង ការបាត់បង់ចំណូលប្រចាំថ្ងៃ បាត់បង់ជីវៈចម្រុះ ដែលធ្វើឱ្យប្រជាសហគមន៍១៤២៨គ្រួសារ ប្រឈមនឹងខ្វះស្បៀង បាត់បង់មុខរបរ ជីវភាពក្រីក្រ កូនបាត់បង់ការសិក្សា កើតមានអំពើហិង្សាក្នុងគ្រួសារ អំពើលួចប្លន់ និងចំណាកស្រុក» ។
សូមជំរាបថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ បានឯកភាពយល់ព្រម ទៅនឹងសំណើររបស់ក្រុមហ៊ុន ជីង គ័រ អាហរ័ណ នីហរ័ណ និងសំណង់ ដែលស្នើសុំចាក់ដីបំពេញឆ្នេរសមុទ្រលើផ្ទៃដីទំហំ ៦៤០ហិកតា ដើម្បីពង្រីកតំបន់កំពង់ផែ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅភូមិព្រែកគ្រែង និងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ៕