(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា កំពុងតែមមាញឹកក្នុងការរៀបចំឯកសារ ដើម្បីស្នើសុំការនាំចេញសាច់គោ ទៅកាន់ប្រទេសចិន។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អញ្ជើញជាសាក្សី ក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្ម ចំនួន៥០សហគមន៍ នៅទីស្ដីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែរៀបចំ ស្នើសុំនាំចេញសាច់គោ ដោយយើងមើលឃើញ បញ្ហាប្រឈមរវាងប្រទេសចិន និងអូស្ដ្រាលី [...] ដោយបង្កើនការផលិតសាច់គោ ដើម្បីនាំចេញទៅកាន់ប្រទេសចិន [...] យើងកំពុងតែមមាញឹករៀបចំបែបបទ ដើម្បីសុំការនាំចូល»។
ពាក់ព័ន្ធនឹងការនាំចេញសាច់គោនេះ រដ្ឋមន្ដ្រី វេង សាខុន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ជាបឋមនេះ ក្រសួងបានធ្វើលិខិតមួយជាផ្លូវការថា កម្ពុជា អាចមានលទ្ធភាពនាំចេញសាច់គោ ទៅកាន់ប្រទេសចិនបាន ហើយប្រទេសចិន និងដាក់នូវសំណួរជាច្រើនមកឲ្យយើងធ្វើការ។
រដ្ឋមន្ដ្រីកសិកម្មបានបន្ថែមទៀតថា «បើសិនជាយើងមានលទ្ធភាពឆ្លើយនឹងសួរ គេនឹងសួរយើងទៀតថា តើកម្ពុជា បានរៀបចំនិតីវិធីនៃការចិញ្ចឹមចាក់វ៉ាក់សាំង បានល្អត្រឹមត្រូវ ហើយអនាម័យសត្វបានរបៀបម្ដ៉េច ហើយទីសត្វឃាតរបស់យើង បានឆ្លើយតបទៅនឹងការនាំចេញហើយឬនៅ?»។
លើសពីនោះទៀត លោក វេង សាខុន បានឲ្យដឹងថា ភាគីចិននឹងអញ្ជើញមកត្រួតពិនិត្យ នូវអ្វីដែលកម្ពុជាចង់នាំចេញ ហើយបើសិនជាគេពិនិត្យទៅ ឃើញហេដ្ឋាសម្ព័ន្ធ ក៏ដូចជាការចិញ្ចឹមថែបំប៉ន របស់យើងបានល្អគេនឹងអនុញ្ញាត។
ពាក់ព័ន្ធការរៀបចំបែបបទ នៃការសុំការនាំចូលនេះដែរ លោក វេង សាខុន បានអះអាងថា «មុននឹងយើងធ្វើលិខិតចេញ ក៏យើងត្រូវគិតថា តើយើងមានលទ្ធភាព និងរៀបរយទៅតាមវិធាន ដែលគេនឹងដាក់ឲ្យធ្វើយ៉ាងដូចម្ដេចដែរ គឺយើងត្រូវត្រៀមខ្លួនជាស្រេច»។
ចំពោះប្រភេទសាច់គោវិញ រដ្ឋមន្ដ្រីកសិកម្ម បានបញ្ជាក់ថា អ្វីៗអាស្រ័យ ទៅលើការចរចារគ្នា ប៉ុន្ដែយើងកំពុងតែជំរុញប្រភេទគោ ដែលឲ្យកសិករចិញ្ចឹមពូជគោដែលល្អ ជាពិសេសពូជគោ ដែលនាំទឹកស្ពែមពីប្រទេសអូស្ដ្រាលី និងប្រទេសថៃ ដើម្បីមកបង្កាត់នៅកម្ពុជា ហើយធ្វើការចិញ្ចឹម និងធ្វើការនាំចេញ។
គូសបញ្ជាក់ថា ទំនិញដែលកម្ពុជាទទួលបានការអនុញ្ញាតឲ្យនាំចេញទៅចិនមានដូចជា៖ ពោត, ដំឡូងមី, អង្ករ ,ចេក និងផ្លែស្វាយ ខណៈដែលកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀត ដូចជា៖ ម្រេច, ផ្លែស្រកានាគ, ទឹកមាត់ត្រចៀកកាំ, ផ្លែមានប៉ៃលិន និងដូងក្រអូបជាដើម៕