យប់នេះចាប់ពីម៉ោង៩ដល់ម៉ោង៣ភ្លឺ សមត្ថកិច្ចបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ៥កន្លែង, រយៈពេល៩ថ្ងៃ អ្នកស្រវឹងជាង២ពាន់នាក់ ត្រូវបានត្រួតពិនិត្យទូទាំងប្រទេស
01-02-2016 18:52
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងអាវុធហត្ថ និងនគរបាលក្រុងភ្នំពេញ សហការគ្នា ដោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ភ្លឺ ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹង ៥គោលដៅ ក្នុងគោលបំណងដើម្បីរឹតបណ្តឹងបញ្ហាចរាចរណ៍។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានបញ្ជាក់ថា៖ ត្រឹមរយៈពេល៩ថ្ងៃ (ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា) អ្នកស្រវឹងចំនួន ២៤១៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យ រកឃើញមានជាតិស្រវឹងនៅក្នុងខ្លួននៅពេលបើកបរ។ ក្នុងរយៈពេល៩ថ្ងៃនោះ មានមនុស្សចំនួន៥៨នាក់ ត្រូវបានឃាត់ខ្លួន (រថយន្ត២២នាក់, ម៉ូតូ៣៦នាក់ មានកំរិតជាតិស្រវឹងពី ០,៥២ ដល់ ១,២០)។
សូមជំរាបថា នៅយប់ថ្ងៃទី៣១ ខែមករាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចទាំងបីស្ថាប័ន នឹងចុះត្រួតពិនិត្យ ៥គោលដៅ នៅទូទាំងរាជធានីភ្នំពេញ ដោយត្រួតពិនិត្យរថយន្តចំនួន ២២៩គ្រឿង និងម៉ូតូ២៩៦គ្រឿង, ត្រួតពិនិត្យអ្នកមានជាតិស្រវឹង មានចំនួន១៦៧នាក់ ដោយមិនមានការឃាត់ខ្លួននោះទេ។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានអះអាងបន្ថែមថា ក្នុងករណីដែលពាក់ព័ន្ធនឹងករណី ប្រើប្រាស់ជាតិស្រវឹងក្នុងពេលបើកបរនេះ កម្លាំងសមត្ថកិច្ចបានឃាត់ និងតម្រូវឲ្យតម្កល់ប្រាក់កក់ផាកពិន័យ ១០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូ៕