(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ឆ្នាំ២០២០។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ ស្នងការ នាយកវិទ្យាស្ថានកំបូល នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ និងនាយទាហាន នាយទាហានរង តាមបណ្តារាជធានី ខេត្ត ក៏បានចូលរួមក្នុងពិធីនេះ តាមរយៈមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យា (Video Conference)។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ការដាក់ឲ្យចូលនិវត្តន៍ឆ្នាំ២០២០ គឺមិនមែនជាលើកដំបូងនោះទេ ការដាក់ឲ្យចូលនិវត្តន៍ គិតចាប់តាំងពី ឆ្នាំ២០១០ មកដល់ឆ្នាំ២០១៩ គឺយោធិននៃកងរាជអាវុធហត្ថត្រូវបានដាក់ឲ្យចូលនិវត្តន៍មានចំនួន ១,១២៦នាក់។ ការដាក់យោធិនឲ្យចូលនិវត្តន៍ គឺត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ ទិដ្ឋភាពជាក់ស្តែង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវដាក់ឲ្យចូលនិវត្តន៍ ហើយក៏បានបំពេញសំណុំបែបបទរួចរាល់ គ្រាន់តែគិតត្រឹមឆ្នាំ២០២០ មានចំនួន ១,០៥៦នាក់។
នាយឧត្តមសេនីយ៍ មេបញ្ជាការ បានគូសបញ្ជាក់ថា ពិតមែនតែអស់លោក លោកស្រីតាមច្បាប់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បានផ្តល់នូវគុណតម្លៃខ្ពស់ចំពោះ អតីតយុទ្ធជន ជាក់ស្តែងសម្ដេចតេជោ បានប្រកាសធ្វើជា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ជារៀងរហូត ហើយនៅបន្តតាមដានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅជាក់ស្តែង គឺបានធ្វើការផ្តល់ដី ថែមទាំងបានជួយសង់ផ្ទះដល់អតីតយុទ្ធជនរូបណាដែលគ្មានដី គ្មានផ្ទះពិតប្រាកដ ក្រៅពីនេះសមាគមអតីតយុទ្ធជន នៅតែបន្តយកចិត្តទុកដាក់ តាមថែទាំ គិតគូរ សួរសុខទុក្ខ និងរួមចំណែកដោះ ស្រាយនូវការលំបាក នៅពេលជួបអាសន្នអន់ក្រថែមទៀតផង។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសំណូមពរយោធិនដែលជានិវត្តន៍ជន ដូចខាងក្រោម៖
* ទី១៖ សូមបន្តថែរក្សាសុខភាព ប្រុងប្រយ័ត្នខ្ពស់ជំងឺឆ្លងកូវីដ-១៩
* ទី២៖ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះឧបាយកល ញុះញង់ អុចអាល បំបែកបំបាក់សាមគ្គី
* ទី៣៖ សូមបងប្អូនបន្តថែរក្សាប្រពៃណី ធ្វើជាគំរូល្អដល់ពលរដ្ឋដទៃផ្សេងទៀត ក្នុងការគោរពច្បាប់ ជាពិសេសចូលរួមជាមួយសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។ ចៀសវាងដាច់ខាតកុំប្រព្រឹត្តនូវទង្វើទាំងឡាយណាដែលផ្ទុយ ទៅនឹងច្បាប់ និងបន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីមាតុភូមិ ប្រជាជន ជាពិសេស កូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅក្នុងភាពសុខក្សេមក្សាន្ត និងរុងរឿង។
* ទី៤៖ ចំពោះមេបញ្ជាការអង្គភាពកងរាជអាវុធហត្ថគ្រប់ថ្នាក់ ប្រធានស្ថាប័នគ្រប់ស្ថាប័ន ជាពិសេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ត្រូវបន្តតាមដានគ្រប់គ្រង សមាសភាពអតីតនិវត្តន៍ជនដែលមានប្រភពពីកងរាជអាវុធហត្ថ និងជួយជ្រោមជ្រែង សួរសុខទុក្ខ ដោះស្រាយនូវរាល់ទុក្ខលំបាកទៅតាមលទ្ធភាពរបស់អស់លោក ដែលអាចធ្វើទៅបាន និងបន្តប្រឹងប្រែងកសាងពង្រឹងកងរាជអាវុធហត្ថ ឲ្យកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើភាពរឹងមាំដែលកំពុងមានស្រាប់ដែលបងប្អូននាយទាហាន នាយទាហានរង និវត្តន៍ជន បានខិតខំប្រឹងប្រែង លះបង់ កសាងបន្សល់ទុក។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឧបត្ថម្ភថវិកាដល់និវត្តន៍ជន ចំនួន៦៤នាក់ ម្នាក់ចំនួន៥០ម៉ឺនរៀល សរុប៣២លានរៀល។ ចំណែកឯតាមបណ្តារាជធានី-ខេត្ត ក៏បានឧបត្ថម្ភថវិកាដល់សោធននិវត្តន៍ផងដែរ៕