(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និងពិកាឆ្នាំ២០២០ ចំនួន៣៣នាក់ ប្រារព្ធនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
បន្ទាប់ពីពិធីបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹកនាំយោធិនដែលចូលនិវត្តន៍ទាំង ៣៣រូប ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយ យោធិន សោធននិវត្តន៍ ឆ្នាំ២០២០ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាបន្ត។
ក្រោយបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានអំណោយប្រគល់ជូន យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និងពិកា ឆ្នាំ២០២០ ទាំង៣៣នាក់ ដោយម្នាក់ៗទទួលបាន ថវិកា៥០ម៉ឺនរៀល ភេសជ្ជៈ៤កែស និងមី០២កែសផងដែរ៕