(កំពង់ចាម)៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានបើកសិក្ខាសាលាផ្តល់ចំណេះដឹងបន្ថែមដល់ម្ចាស់អាជីវកម្ម ក្រោមវត្តមានឧកញ៉ា តែ តាំងប៉ និងលោក អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត។ សិក្ខាសាលាស្តីពីការកសាងអាជីវកម្ម ប្រកបដោយភាពជោគជ័យ ក្នុងគោលបំណង ផ្តល់ចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាស ដើម្បីអនុវត្តលើអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យ។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុភឿន គុណវុឌ្ឍ បានលើកឡើងថា លោកឧកញ៉ា តែ តាំងប៉ រួមជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត រួមទាំងដៃគូរឧបត្ថម្ភទាំងអស់ បានសហការចាប់ដៃគ្នា ផ្តួចផ្តើម និងរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងផ្ដល់ចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាសទាំងឡាយក្នុងខេត្តកំពង់ចាម។
លោកអភិបាលរងខេត្ត បានថ្លែបន្តថា នៅក្នុងខេត្តកំពង់ចាម មានសហគ្រាសធុនតូច និងមធ្យមជាច្រើនដែលត្រូវការចំណេះដឹងថ្មីៗ បន្ថែមទៀត ក៏ដូចជាត្រូវការ ការជួយជ្រោមជ្រែងបន្ថែមទៀត ពីសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ពួកគាត់នៅមានកង្វះខាតច្រើនទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុជាដើម ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ ដូច្នេះអង្គសិក្ខាសាលាដែលដឹកនាំដោយ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ថ្ងៃនេះពិតជាមានសារៈប្រយោជន៍ខ្លាំងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកំពង់ចាម ដែលធ្វើឲ្យបងប្អូនម្ចាស់សហគ្រាស ទាំងអស់ កាន់តែមានលទ្ធភាពគ្រប់គ្រាន់ស្របទៅនឹងនីតិវិធី ក្នុងការទទួលបាន ហិរញ្ញប្បទានពីធនាគារ ជាពិសេស កម្ចីពីធនាគារ សហគ្រាស ធុនតូច និងមធ្យម (SME Bank)។
ប្រធានសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងឲ្យដឹងផងដែរថា ម្ចាស់សហគ្រាសទាំងអស់ គឺជាកម្លាំងផលិត ហើយក៏ជាដង្ហើមសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ ដូច្នេះឱកាសនៅក្នុងការធ្វើបទបង្ហាញរបស់វាគ្មិនជំនាញនាពេលនេះ សូមឲ្យម្ចាស់សហគ្រាសទាំងអស់មេត្តាយកចិត្តទុកដាក់ស្ដាប់ និងស្វែងយល់ឱ្យបានច្រើនក្រោយពេលចប់សិក្ខាសាលានេះ។
ទន្ទឹមនឹងនោះដែរលោកឧកញ៉ា ប្រធាន បានរំពឹងទុកថា ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមាន វត្តមាន ក្នុងសិក្ខាសាលាថ្ងៃនេះ និងយកចិត្តទុកដាក់ក្នុងការចូលរួមគ្រប់សកម្មភាព ជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្រោយពីបានទទួលការបណ្ដុះបណ្ដាល ក្នុងកម្មវិធីពេញមួយថ្ងៃនេះ។
ម្យ៉ាងទៀត សហគ្រាសធុនតូច និងមធ្យមទំាងអស់ នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងដើម្បី អភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចំរើននាថ្ងៃអនាគត៕