(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាននិងកំពុងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេសលើកទី២ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
ចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស សរុបជាង ៣០០នាក់។
គួរកត់សម្គាល់ថា នេះជាកិច្ចប្រជុំលើកទី២ ដែលក្រសួងការបរទេស រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ព្រមទាំងលើកកម្ពស់ការយល់ដឹង ដល់អង្គការមិនមែនរដ្ឋាភិបាលបរទេស អំពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ» និង «ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» និងកាតព្វកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស៕