(ក្រចេះ)៖ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលកសាង សមត្ថភាពបន្ថែមដល់គណៈកម្មការខេត្តក្រចេះ សម្រាប់អនុវត្តគោលនយោបាយជាតិដ៏សំខាន់មួយនេះ។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តក្រចេះ ក្រោមអធិបតីលោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី អ៉ិត សំហេង និងលោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការខេត្តក្រចេះសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥។
វគ្គបណ្ដុះបណ្ដាលនេះទៀតសោត ក៏ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យការអនុវត្តគោលបាយជាតិនេះកាន់តែមានប្រសិទ្ធភាព ដែលជាការចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរ និងលើកស្ទួយការអភិវឌ្ឍមុខរបរ និងការងារសមរម្យនៅកម្ពុជា ការកែប្រែ និងធ្វើទំនើបកម្មនៃរចនាសម្ព័នឧស្សាកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញ និងការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារ។
នាឱកាសនោះ លោក ហ៊ូ វុឌ្ឍី បានថ្លែងថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារនេះ គឺជាគោលនយោបាយជាតិ ដែលការអនុវត្តទាមទារឲ្យមាននូវកិច្ចសហការយ៉ាងស្អិតល្មួត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា។
លោកអនុរដ្ឋលេខាធិការបានបន្តថា មន្ទីរ និងអង្គភាពជំនាញនីមួយៗនៅថ្នាក់រាជធានី-ខេត្ត ក៏មានភារកិច្ចចូលរួមអនុវត្តគោលនយោបាយនេះផងដែរ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ នៅក្នុងរាជធានី-ខេត្តរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងជាលំដាប់។
ជាមួយគ្នានោះ លោក ភឹម ភីរ៉ា បានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្តក្រចេះ និងបានសម្ដែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបថា ក្រោមការផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារកម្ពុជា ឆ្នាំ២០១៥-២០២៥នេះ ដោយមានកិច្ចសហការ និងជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ (ILO)។ គោលនយោបាយជាតិនេះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ មិនត្រឹមតែមានគោលបំណងជួយលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនេះ ក៏មានវិធានការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅធ្វើប្រទេសផងដែរ៕