(ភ្នំពេញ)៖ «ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣» បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលជាសមិទ្ធិផលថ្មីមួយទៀត បង្ហាញពីសុឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះ ទៅសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ និងការបញ្ចប់ការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំទូលាយ និងពហុវិស័យពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ក្រុមប្រជាជនគន្លឹះ។
ពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣» បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកស្រីបណ្ឌិត KHIN Cho ទីប្រឹក្សាព័ត៌មានយុទ្ធសាស្ត្រ អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា, លោក John Eyres ប្រធានការិយាល័យសុខភាពសាធារណៈ និងអប់រំនៃអង្គការ USAID ប្រចាំប្រទេសកម្ពុជា ព្រមទាំងអស់លោក-លោកស្រីតំណាងក្រសួង-ស្ថាប័ន អង្គការជាតិ និងអន្តរជាតិជាច្រើនអ្នកទៀត។
លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥នេះ គឺបានរៀបចំឡើងក្រោមចក្ខុវិស័យរួមមួយ ដើម្បីបញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយមិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់រងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងក្តីសង្ឃឹមដ៏មុតមាំ កសាងមនុស្ស ជាតិជំនាន់ថ្មីមួយដែលគ្មានមេរោគអេដស៍ និងជំងឺអេដស៍ ដោយមានគោលបំណងជាក់លាក់ចំនួន៤គឺ៖
* ទី១៖ ធានាឱ្យមានការបញ្ចូលអន្តរាគមន៍ប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត តាមរយៈវិធីសាស្រ្តសម្របសម្រួល និងពហុវិស័យ
* ទី២៖ សមាហរណកម្មកម្មវិធីបង្ការ ថែទាំ និងការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ដើម្បីទទួលបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងចីរភាព
* ទី៣៖ បង្កើនលទ្ធភាពទទួលបាននូវយន្តការគាំពារសង្គម និងសេវាសង្គម សម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍
* ទី៤៖ បង្កើនថវិកាជាតិ និងអន្តរជាតិគាំទ្រដល់ការផ្តល់សេវាសំខាន់ៗដែលអនុវត្តដោយអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងចីរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍ជាមួយនឹងគោលបំណងនីមួយៗ គឺយុទ្ធសាស្រ្តនេះក៏បានរំលេច និងបញ្ជាក់ច្បាស់ពីសកម្មភាពគន្លឹះ ដែលត្រូវយកទៅអនុវត្តក្នុងការធានាឱ្យបាននូវអត្រា គ្របដណ្តប់ទៅលើក្រុមគោលដៅ ទៅលើភូមិសាស្រ្ត និងទៅលើសេវាបានគ្រប់ជ្រុងជ្រោយថែមទៀតផង។
លោកទេសរដ្ឋមន្រ្តីបន្តថា ឥឡូវនេះយើងទាំងអស់គ្នាមាន «ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣» ដូច្នេះយើងត្រូវតែបន្តរួមគ្នាក្នុងការចលនាប្រើប្រាស់ផែនការ ឱ្យអស់លទ្ធភាព តាមរយៈការបំប្លែងផែនការនេះ ឱ្យចេញទៅជាសកម្មភាពស្របទៅនឹងអាណត្តិការងាររបស់ក្រសួង ស្ថាប័នជាសមាជិកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សម្រាប់យកទៅអនុវត្តនៅទូទាំងប្រទេស។ យើងបានដឹងទាំងអស់គ្នាហើយថាបច្ចុប្បន្ននេះ និងទៅអនាគតពិពភលោក រួមទាំងកម្ពុជាផងដែរ កំពុងតែប្រឈមមុខខ្ពស់ទៅនឹងបញ្ហាជំងឺកូវីដ-១៩ ដែលបាន និងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចជាតិ និងពិភពលោក និងប៉ះពាល់ផងដែរមកលើថវិកា សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តនេះ។
អាស្រ័យហេតុ យើងសូមអំពាវនាវឱ្យមានការចូលរួមយ៉ាងទូលំទូលាយ និងពហុវិស័យក្នុងការចលនាការគាំទ្រធនធាន និងការប្រើប្រាស់ធនធានដែលមានកម្រិតនេះឱ្យបានចំគោលដៅ និងឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះគឺមិនអាចខ្វះបាននូវវេទិកាសម្របសម្រួល ពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានឡើយ។
«ដូច្នេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទោះបីយើងប្រឈមនឹងបញ្ហាធនធាន នៅក្នុងអំឡុងពេលដែលមានបញ្ហាកូវីដ-១៩ នេះក៏ដោយ ក៏យើងនៅតែអាចសម្រេចបាននៅគោលដៅ ៩៥-៩៥-៩៥ ជាក់ជាមិនខាន ប្រសិនបើយើងធ្វើការឆ្លើយតបរួមគ្នា ក្រោមស្ថាប័នសម្របសម្រួលតែមួយ ផែនការយុទ្ធសាស្រ្តតែមួយ និងប្រព័ន្ធតាមដាន និងវាយតម្លៃតែមួយ»។