(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក អាណាតូលី បូរ៉ូវីគ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជា អមដំណើរដោយភរិយារបស់លោក និងមន្ត្រីស្ថានទូតចំនួន១០រូបផ្សេងទៀត បានធ្វើទស្សនកិច្ចទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
គួររំឭកថា ទស្សនកិច្ចរបស់ប្រតិភូរុស្សីនេះ គឺជាលើកទី៣ ដែលបណ្ណាល័យសម្តេចម៉ែ បានទទួលគារវកិច្ចស្វាគមន៍ភ្ញៀវកិត្តិយស បន្ទាប់ពីការបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ទស្សនកិច្ចលើកទីមួយ និងទីពីរ គឺជាការអញ្ជើញមករបស់លោកឯកអគ្គរាជទូត និងប្រតិភូស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជាសរុបចំនួន ២២រូប និងទស្សនកិច្ចរបស់ភរិយារបស់អគ្គរដ្ឋទូតទាំងប្រាំមួយរូប រួមមាន សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌូនេស៉ី សាធារណរដ្ឋប្រជាមានិតឡាវ សាធារណរដ្ឋសិង្ហបុរី និងប្រទេសម៉ាឡេស៉ី។
ទស្សនកិច្ចរបស់ប្រតិភូស្ថានទូតរុស្សីនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហាញអំពីឆន្ទៈរបស់លោកឯកអគ្គរដ្ឋទូតរុស្សី ក្នុងការឈ្វេងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បន្ទាប់ពីលោកទទួលតំណែង និងធ្វើដំណើរមកកាន់កម្ពុជា អស់រយៈកាលជាង២ខែកន្លងមក គិតចាប់ពីខែកក្កដាឆ្នាំ២០២០ថ្មីៗនេះ។ ទស្សនកិច្ចរបស់ប្រតិភូ ក្នុងអំឡុងរយៈពេលជាង២ម៉ោងនេះ ប្រព្រឹត្តទៅយ៉ាងរលូន និងប្រកបដោយខ្លឹមសារជ្រាលជ្រៅ។
លោក ឆាំង យុ នាយកវិទ្យាស្ថានស្លឹករឹត និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្តែងនូវអំណរគុណជាអនេក ចំពោះការចំណាយពេលដ៏មានតម្លៃរបស់ប្រតិភូរុស្សី មកកាន់បណ្ណាល័យសម្តេចម៉ែ។ លោក ឆាំង យុ បានបញ្ជាក់អំពីការគាំទ្ររបស់លោកចំពោះប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្នើឲ្យប្រទេសរុស្សីផ្តល់ជំនួយជាវ៉ាក់សាំង ព្យាបាលជំងឺរាតត្បាតកូវីដ១៩ ដែលជាក្តីកង្វល់របស់មនុស្សជាតិនាពេលបច្ចុប្បន្ន៕