(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខរដ្ឋ/រដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទាននៃរបៀបវារៈសម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ»។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ តាមប្រព័ន្ធវីដេអូថតទុកជាមុន រៀបចំឡើងស្របពេលសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ចេស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងលោក អេនដ្រូ ហ្វូលណេស នាយករដ្ឋមន្រ្តីហ្សាម៉ាអ៉ីក។
ក្រសួងការបរទេស បានគូសបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងគូសបញ្ជាក់អំពីវិធានការសម្រាប់រយៈពេលខ្លី មធ្យម និងវែង ដែលអាចចាត់ទុកថា មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ន និងដើម្បីអាចសម្រេចបាននូវរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងការពង្រឹងភាពធន់ បរិយាប័ន្ន និងចីរភាពសម្រាប់រយៈពេលវែង។
សម្តេចតេជោ នឹងផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការជួយរដ្ឋសមាជិក ដើម្បីជម្នះវិបត្តិនាពេលបច្ចុប្បន្ន និងកសាងអនាគតប្រសើរជាងមុន៕