(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានលើកឡើងថា វីរបុរសរបស់កម្ពុជាយើងគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបាននាំនាវាកម្ពុជា ប្រែក្លាយពីប្រទេសដ៏កំសត់ មកជាប្រទេសដែលកំពុងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ និងធ្វើឲ្យឆាកអន្តរជាតិស្គាល់យ៉ាងច្បាស់ថា កម្ពុជាតូច តែខ្លាំង។
លោកបានបន្តថា ផ្ទះថ្មីនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងជាខ្នងផ្ទះទី១ តាមរយៈលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកំពតផត ត្រូវបានផ្តល់មក តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីផ្តល់ជូនអតីតយុទ្ធជនឈ្មោះ ផេង សុផល អាយុ៦៤ឆ្នាំ អតីតនៅអង្គភាពយោធភូមិភាគទី២ មានភរិយាឈ្មោះ រឿង សារីម អាយុ៥៩ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន៨នាក់ រស់នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកស្ទួយ និងដោះស្រាយការលំបាករបស់អតីតយុទ្ធជន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោកបានសំណូមពរដល់អតីតយុទ្ធជន ដែលបានទទួលផ្ទះថ្មីនេះត្រូវបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយសម្រួលដល់ការដោះស្រាយជីវភាពប្រចាំ ឲ្យកាន់តែរីកចម្រើន និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តក្នុងការការពារ ពីជំងឺរីករាលដាលកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចំពោះក្មួយៗដែលទើបគ្រប់អាយុបោះឆ្នោតតាមការណែនាំរបស់ គ.ជ.ប ដើម្បីបំពេញកាតាព្វកិច្ចជាពលរដ្ឋ។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារបាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានឧបត្ថម្ភផ្តល់ជូនគាត់រួមមាន៖ អង្ករ៥០គ.ក្រ, មី២កេស, ទឹកត្រី, ទឹកស៊ីអ៊ីវ២យួរ, ទឹក ផ្លែឈើ មួយកេស និងថវិកាមួយចំនួន។
អតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អាជ្ញាធរដែនដី ព្រមជាមួយប្រជាពលរដ្ឋដែលបានចូលរួមនាពេលនោះ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចទាំងទ្វេបានផ្តល់ផ្ទះថ្មីជូនអតីយុទ្ឋជនដែលមានជម្រកស្នាក់នៅមិនសមរម្យ៕