(ព្រះសីហនុ)៖ សិស្ស៧នាក់ដែលរៀននៅវិទ្យាល័យតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានបោះបង់ការសិក្សាចោល ព្រោះតែគ្មានមធ្យោបាយជិះទៅសាលា ខណៈផ្ទះនៅឆ្ងាយពេកនោះ បានវិលចូលរៀនវិញហើយ ក្រោយពីពួកគេបានទទួលការឧបត្ថម្ភកង់ ម្នាក់មួយៗ ពីស្នងការនគរបាលខេត្តព្រះសីហនុ ដែលប្រកាសផ្តល់ជូននាពេលកន្លងទៅនោះ។
នៅលើ Facebok Page «ឧត្តមសេនីយ៍ ជួន ណារិន្ទ» នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ «ក្នុងនាមខ្ញុំស្នងការនគរបាលខេត្ត មានសេចក្ដីរំភើបចិត្តខ្លាំងណាស់នូវពេលឮដំណឹងថា សិស្សអនុវិទ្យាល័យតានៃ ដែលបោះបង់ការសិក្សាចោលមួយរយះដោយខ្វះខាតមធ្យោបាយ ផ្ទះឆ្ងាយមិនអាចមករៀនបានចំនួន(៧នាក់) បានចូលរៀនឡើងវិញចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ វិញហើយសប្បាយចិត្តណាស់គំរោងការទី១របស់ខ្ញុំបានសំរេចហើយ»។
គួររំលឹកថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦កន្លងទៅដើម្បីជួយកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ សម្រាប់កូនសិស្សសាលាតូចៗ ដែលនៅឆ្ងាយពីផ្ទះនោះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រកាសពីគម្រោងផ្តល់ជំនួយក្នុងការដោះស្រាយផ្តល់ប្រាក់ រកជួលរថយន្តឈ្នួល ដើម្បីជួយដឹកជញ្ជូនសិស្សទាំងនេះទៅរៀនសូត្រជារៀងរាល់ថ្ងៃ។ ការប្រកាសពីគម្រោងផ្តល់ជំនួយមួយនេះ ដល់សិស្សសាលាតូចៗ របស់លោកឧត្តមសេនីយ៍ស្នងការ បានធ្វើឡើងក្នុងឱកាសដែលលោក និងសហការីចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យដូងប្រេងតា ក្នុងឃុំជើងគោ ស្រុកព្រៃនប់។
នៅពេលនោះ លោកឧត្តមសេនីយ៍ស្នងការបានថ្លែងថា កន្លងមកសិស្សានុសិស្ស ដែលមានផ្ទះឆ្ងាយពីសាលារៀនដូចជា នៅម្តុំភូមិអន្លង់ក្រពើ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ជាដើម ដោយនាំគ្នាស្ទាក់សុំរថយន្តដឹកទំនិញធំៗ ជិះទៅវិញទៅមក ទាំងពេលមកសាលារៀន និងពេលចេញទៅផ្ទះ ហើយពេលខ្លះខកខានម៉ោងរៀនសូត្រផងដែរ ហេតុដូច្នេះហើយលោកបានប្រកាសជួលរថយន្តដឹកពួកគេតែម្តង គោលបំណងជួយកាត់បន្ថយគ្រោះថ្នាកចរាចរណ៍ និងការចំណាយផ្សេងៗ៕
ឮ