(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានកិត្តិយសសូមរំឭក ដល់សាធារណជនដែលជាម្ចាស់យានយន្ត ចង្កូតស្តាំ មានស្រាប់ក្នុងប្រទេស ដែលមិនទាន់បានបង់ពន្ធនិងអាករឲ្យចូលមកបង់ពន្ធឲ្យ បានរួសរាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះបានឲ្យដឹងថា «ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានរៀបចំដំណើរការចុះបញ្ជីយានយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ផងដែរ»។
សូមសាធារណជនដែលជាម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ អញ្ជើញចូលមកបំពេញបែបបទនៅសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ និងការិយាល័យគយនិងរដ្ឋាករតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយអមភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់ប្រហាក់ប្រហែល និងលិខិតបញ្ជាក់ទទួលស្គាល់កម្មសិទ្ធិយានយន្តពីអាជ្ញាធរមូលដ្ឋាន។
ម្ចាស់រថយន្តដែលមិនទាន់មានលទ្ធភាពបង់ពន្ធទាំងស្រុងបានភ្លាម អាចធ្វើការចុះបញ្ជីនិងកក់ប្រាក់ចំនួន២០ % ( នៃប្រាក់ពន្ធសរុប) ដែលការអនុញ្ញាតដូចនេះនឹងផ្តល់ជូនត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ តែប៉ុណ្ណោះ។ ម្ចាស់រថយន្តដែលបានកក់ប្រាក់មានរយៈពេល៦ខែ ដើម្បីចូលខ្លួនមកបង់ពន្ធសរុបឲ្យគ្រប់ចំនួន។
អាស្រ័យហេតុនេះ សូមម្ចាស់យានយន្ត ចង្កូតស្តាំគ្រប់ប្រភេទ គ្មានពន្ធទាំងអស់រួសរាន់ចូលមកបង់ពន្ធ ឬចុះបញ្ជីឲ្យបានឆាប់បំផុត។ រថយន្តដែលពុំបានចូលមកចុះបញ្ជី តាមកាលកំណត់ខាងលើនឹងត្រូវចាត់ទុកថាជារថយន្តនាំចូលថ្មីខុសច្បាប់ ដែលនឹងទទួលរងនូវការបង្ក្រាបតាមបទប្បញ្ញត្តិជាធរមាន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៨៧០ ២២២ /០១២ ៧២ ១១ ៧៧/០១២ ៧៣ ១៥ ១៥ ឬអញ្ជើញមកអង្គភាពគយនិងរដ្ឋាករនានា ដែលនៅជិតលោកអ្នកបំផុត៕