(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ ផ្ទៃដីប្រមាណ ១,២លានហិកតា ត្រូវបានកាត់ចេញពីផ្ទៃដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដីរដ្ឋ និងដីព្រៃប្រគល់ជូនទៅប្រជាពលរដ្ឋ ហើយការអនុវត្តន៍គោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី បានផ្តល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីជិត ៦២ម៉ឺនប័ណ្ណ ជូនដល់ដៃរបស់ប្រជាពលរដ្ឋ។

យោងតាមសេចក្តីជូនដំណឹង ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កន្លងទៅនេះ ការអនុវត្តបទបញ្ជាលេខ០១ បប «នយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី» ក្នុងការចុះវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួមមាន៖ ប្រកាសតំបន់វិនិច្ឆ័យចំនួន ៣៥៧ឃុំ បំពេញសលាកបត្របានជាង ៧១ម៉ឺនក្បាលដី វាស់វែងបាន ៧១ម៉ឺនក្បាលដី បិទផ្សាយបាន ៧១ម៉ឺនក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានជិត ៦២ម៉ឺនប័ណ្ណ។

ក្នុងសេចក្តីប្រកាសនេះ ក៏បានឲ្យដឹងផងដែរថា នៅឆ្នាំ២០១៥កន្លងទៅនេះ ផ្ទៃដីប្រមាណ ១,២លានហិកតា ត្រូវបានកាត់ជូន ប្រជាពលរដ្ឋ។ ក្នុងនោះ ទំហំជិត ៣៩ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន១៤២ និងទំហំជាង ២៧ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន១៧ និងទំហំ ៥៥ម៉ឺនហិកតា កាត់ចេញពីដីរដ្ឋ និងដីព្រៃ។

សេចក្តីប្រកាសដដែលនេះ ក៏បានឲ្យដឹងផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៤លានប័ណ្ណហើយ ត្រូវបានប្រគល់ជូនដល់ដៃរបស់ប្រជាពលរដ្ឋ៕