(ភ្នំពេញ)៖ តុលាការខេត្តកំពង់ស្ពឺ បានកោះហៅ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅ Agile sweater ក្នុងខេត្តកំពង់ស្ពឺ។
លោក ប៉ាវ ស៊ីណា រួមទាំងសមាជិកសហជីព៦នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចោទពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើឱ្យខូចខាតដោយចេតនា មិនគោរពសេចក្តីសម្រេចរបស់តុលាការ ហិង្សាដោយចេតនា មានស្ថានភាពទម្ងន់ទោស។
ការចោទប្រកាន់នេះ បានធ្វើឡើង បន្ទាប់មានការប៉ះទង្គិចគ្នា រវាងកម្មករតវ៉ា និងបក្ខពួកសន្តិសុខរោងចក្រ Agile sweater ដែលស្ថិតនៅភូមិតាអោង ក្រុងច្បារមន ជាពេលដែលកម្មករធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ៩ចំណុចពីថៅកែ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានឃាត់ខ្លួនសហជីព៥នាក់ផងដែរ ប៉ុន្តែត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្តុះអាសន្នឡើងវិញ បន្ទាប់ពីមានការធានាផ្លូវច្បាប់ ដោយមេធាវី ៕