(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ត្រូវបានទទួលអំណោយជាសម្ភារសុវត្ថិភាពសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុន ព្រូដិលសល ធានារ៉ាប់រងអាយុជីវិត។
ពិធីប្រគល់-ទទួលជាតំណាងនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ដែលបញ្ជាក់នូវវប្បធម៌នៃការចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាលត្បាតនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស។
សូមជម្រាបថា សម្ភារ ដូចជា ម៉ាសពេទ្យ (Surgical Masks 3M, N95 1860) ចំនួន១,២៥០០ និងទឹកលាងដៃ ចំនួន១,២០០ដប។ សម្ភារទាំងនេះ គឺក្រុមហ៊ុន ព្រូដិនសល នឹងយកទៅផ្តល់ជូនដោយផ្ទាល់ ដល់មន្ទីរពេទ្យទាំង២៥រាជធានី-ខេត្ត៕