(កណ្ដាល)៖ ទោះបីជាមេឃភ្លៀងខ្លាំង ផ្លូវពិបាកធ្វើដំណើរ ជិះទូកផង ដើរផង ប្រកបដោយការលំបាកយ៉ាងណាក៏ដោយ ក៏លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីជាច្រើននាក់ផ្សេងទៀត នាយប់ថ្ងៃទី២៧ ខែកញ្ញាម្សិលមិញ បានជំនះការលំបាកឧបសគ្គទាំងនោះ ដើម្បីឆ្ពោះទៅរកបងប្អូនប្រជាពលរដ្ឋស្រុកល្វាឯ ម ដែលកំពុងកើតការសង្ស័យមានគ្រុនឈីក ចំនួន១៩នាក់ និងពលរដ្ឋជាង៣០០នាក់ផ្សេងទៀត។
អ្នកភូមិម្នាក់ឈ្មោះ សម្ភស្ស បានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាល ដោយផ្ទាល់នៅក្នុងវត្តថា «សកម្មភាពដ៏មហោឡារឹកនេះ បានលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋ និងខ្ញុំនេះចោលអស់តែម្ដង ខណៈដែលមេដឹកនាំខេត្តកណ្ដាល ក្នុងនាមជាមាតាបិតានៃប្រជារាស្ត្រខ្មែរ ក្នុងខេត្តកណ្ដាល បានចុះទៅលើកទឹកចិត្តទាំងលំបាកលំបិន មិនគិតពីសុវត្ថិភាពខ្លួនឡើយ ពោលគឺធ្វើយ៉ាងណា ចុះទៅជួបពលរដ្ឋផ្ទាល់ ដែលកំពុងភិតភ័យនឹងជំងឺគ្រុនឈីកនេះ ដ្បិតមិនទាន់មានលទ្ធផលពីមន្ទីរពិសោធន៍បញ្ជាក់ថា មានជំងឺហ្នឹងក្ដី ប៉ុន្តែក្នុងនាមជាអាណាព្យាបាល លោកអភិបាលខេត្ត អមដំណើរដោយលោកស្នងការខេត្ត ចុះទៅជួបដោយមិនគិតថាភ្លៀង ផ្គររន្ទះ យប់ងងឹត ដើរផ្លូវជាង ៧គីឡូម៉ែត្រ និងជិះទូកយ៉ាងណាក៏ដោយ»។
អ្នកស្រី សម្ភស្ស តំណាងពលរដ្ឋទាំងអស់ បានលើកម្រាមដៃ១០អរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ប្រជារាស្ត្រខ្មែរ ដែលកំពុងភិតភ័យនឹងជំងឺគ្រុនឈីកនេះ ដោយបានសួរសុខទុក្ខ និងជូនថវិការ តាមរយៈលោកអភិបាលខេត្តកណ្ដាល អមដំណើរដោយលោកស្នងការខេត្ត ដែលញ៉ាំងឲ្យពលរដ្ឋទាំងអស់ពេញមួយឃុំ និងស្រុក មានការសប្បាយរីករាយជាពន់ពេក ត្រេកអរខ្លាំងណាស់ដែលមានមេដឹកនាំប្រទេស ប្រកបដោយទសពិធរាជធម៌ អាណិតអាសូរនិងជួយដល់ប្រជារាស្ត្រខ្មែរ មិនគិតពីការលំបាកឡើយ។
បន្ថែមពីនេះ សូមអរគុណលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក ឈឿន សុចិត្ត មេប៉ូលិសខេត្តកណ្ដាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលមិនបោះបង់ចោលប្រជារាស្ត្រ ហើយថែមទាំងជួយទាំងយប់ទាំងថ្ងៃ មិនថាទាំងការថែទាំព្យាបាលផ្នែកសុខភាពទេ មានទាំងការលើកទឹកចិត្ត និងផ្ដល់អាហារគ្រប់គ្រាន់ដល់ប្រជារាស្ត្រថែមទៀតផង។
ស្ថិតនៅក្នុងឱកាសសំណេះសំណាលទាំងយប់នេះ លោក គង់ សោភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា៖ «សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានផ្ដាំផ្ញើរការសួរសុខទុក្ខប្រជារាស្ត្រទាំងអស់ និងផ្ដាំផ្ញើឲ្យថែទាំសុខភាពឱ្យបានល្អ ពិសារអាហារឲ្យបានគ្រប់គ្រាន់ ការពារខ្លួនពីមូសខាំ និងអនាម័យជុំវិញគេហដ្ឋាន និងលុបបំបាត់សំបុកមូសជាដើម ដើម្បីបង្កាកុំឱ្យឆ្លងជម្ងឺនេះបន្តទៀត ព្រោះជម្ងឺឈីកនេះឆ្លងតាមរយៈមូសខាំ»។
លោក គង់ សោភ័ណ្ឌ បានបន្តថា សម្ដេចទាំងទ្វេនៅមិនសុខទេ ពោលគឺគិតគូរ បារម្ភពីសុខភាពរបស់ប្រជារាស្ត្រដែលកំពុងភិតភ័យនឹងជម្ងឺនេះ តែទោះជាយ៉ាងណា សូមពលរដ្ឋកុំភ័យ ប៉ុន្តែត្រូវអនុវត្តន៍តាមការណែនាំរបស់មន្ត្រីខាភិបាលខេត្តកណ្ដាល ដែលបានមើលថែបងប្អូន ព្យាបាលបងប្អូន ហើយពិសេសក៏បានបញ្ជូនអភិបាលខេត្ត អមដំណើរដោយស្នងការខេត្ត ជួសមុខសម្ដេចទាំងទ្វេមកសួរសុខទុក្ខប្រជារាស្ត្រទាំងអស់ពេញមួយឃុំ ដោយមិនទុកឲ្យមានការលំបាកឡើយ «ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនជួយសង្រ្គោះជានិច្ច»។
ជុំវិញស្ថានភាពសង្ស័យជំងឺគ្រុនឈីកនេះ បើតាមលោក គុយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាក បានបញ្ជាក់ថា គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៧ ខែកញ្ញា ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺចំនួន៣២០នាក់ ក្នុងនោះចំនួន១៥៦នាក់ ចូលក្នុងនិយមន័យគ្រុនឈីក និងចំនួន១៩នាក់ ស្ថិតក្នុងករណីសង្ស័យថាមានជំងឺគ្រុនឈីក។ ទាំងពុកម៉ែបងប្អូន ដែលសង្ស័យ និងចូលនិយមន័យសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ មកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម និងកៀនស្វាយ។
សូមជម្រាបជូនថា ប្រជាពលរដ្ឋដែលមានការសង្ស័យបានឆ្លងជំងឺគ្រុនឈីក និងកំពុងសំរាកព្យាបាលនេះ រស់នៅក្នុងភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ៕