(ស្វាយរៀង)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តស្វាយរៀង បានបង្ក្រាបការដឹកជញ្ជួនស្មងគោ និងក្រចកជើងគោខុសច្បាប់ពីប្រទេសវៀតណាមជាង២តោន នាំចូលតាមច្រកទ្វារអន្តរជាតិបាវិត។ ករណីបង្ក្រាបការដឹកជញ្ជូនថ្មគោលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ។
បើតាមលោក ផឹង និល ប្រធានសាខា ក.ប.ប បានឲ្យដឹងថា ដោយបានទទួលការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង បានចុះពិនិត្យស្មងគោ និងក្រចកជើងគោនាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងនោះមន្ត្រីជំនាញបានយកក្រចកជើងគោ មកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប ស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញពុំរកឃើញមានសារធាតុគីមី (Formalin) ទេ។ ប៉ុន្តែមន្ត្រីបានពិនិត្យឃើញថា ក្រចកជើងគោចំនួន ១២០កេស ស្មើនឹង២៤០០គីឡូក្រាម ឃើញថាគ្មានឯកសារបញ្ជាក់ពីប្រភពដើម និងគ្មានលិខិតអនុញ្ញាតនាំចូលព្រមទាំងការដឹកជញ្ជូនគ្មានលក្ខណបច្ចេកទេស (ទូខ្លាស្សសេ)។
លោកបានគូសបញ្ជាក់ថា មន្ត្រីបានធ្វើកំណត់ហេតុដកហូត ក្រចកជើងគោទាំងនោះធ្វើការដុតកម្ទេចចោល នៅនៅទីលានចាក់សំរាមក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងការកម្ទេចចោលមានការសហការ ពីអជ្ញាធរដែនដី និងសាខាគយខេត្តស្វាយរៀង ផងដែរ៕