(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះបានថ្លែងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិ ព្រមទាំងអាចគាំទ្រកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងបរិយាបន្ន។
ជាមួយគ្នានេះ ដើម្បីឲ្យរូបិយវត្ថុជាតិខ្លាំងនោះ លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយថែមទៀត។
ការថ្លែងរបស់លោកជា ចាន់តូ ធ្វើឡើងក្នុងឱកាសចូលរួមក្នុងកម្មវិធីអបអរ-សាទរខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ២០ មីនា ឆ្នាំ១៩៨០- ២០ មីនា ឆ្នាំ២០២០។
លោកបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាក៏ត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិ ព្រមទាំងអាចគាំទ្រកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន ក្រុមហ៊ុន-សហគ្រាស ភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធធនាគារ និងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា ឱ្យកាន់តែទូលំទូលាយ»។
លោកបន្តថា តាមពិតពិធីអបអរការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញនេះ ត្រូវបានពន្យារពេលតាំងពីខែមីនាមក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកន្លងមក រាជរដ្ឋាភិបាលបានចាត់វិធានការបង្ការប្រកបដោយប្រសិទ្ធភាពបំផុត។
លោកលើកឡើងថា ប្រវត្តិប្រាក់រៀលដែលបានឆ្លងកាត់នូវដំណាក់កាលជាច្រើន រហូតមកដល់បច្ចុប្បន្ន។
ឈ្មោះឯកតារូបិយវត្ថុជាតិ «រៀល» បានចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណាព្យាបាលបារាំង លើរូបិយប័ណ្ណដែលហៅថា «ប្រាក់ព្យ៉ាស់ (Piastre)» ដែលដំបូងឡើយត្រូវបានបោះផ្សាយដោយធនាគារឥណ្ឌូចិន (Banque de l’Indochine) រហូតដល់ឆ្នាំ១៩៤៨ និងក្រោយមកបោះផ្សាយដោយវិទ្យាស្ថានបោះប្រាក់ នៃសមាគតរដ្ឋឥណ្ឌូចិន (Institut d’émission) រហូតដល់ឆ្នាំ១៩៥៤ ក្រោមការគ្រប់គ្រងរបស់បារាំង។
នៅលើក្រដាសប្រាក់ព្យ៉ាស់ ក៏មានឈ្មោះរូបិយប័ណ្ណពីរទៀតគឺ ដុង និងគីប ដែលត្រូវបានប្រើប្រាស់រួមគ្នា ក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ។ បន្ទាប់ពីទទួលបានឯករាជ្យពេញលេញរួមទាំងផ្នែករូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៤ ហើយបានបោះផ្សាយប្រាក់រៀលថ្មី ចាប់ពីឆ្នាំ១៩៥៥មក។ ប្រាក់រៀលបានបម្រើយ៉ាងសកម្ម ដល់គោលនយោបាយកសាងជាតិ នៃរបបសង្គមរាស្ត្រនិយម។ ជាអកុសល របប ប៉ុល ពត បានបំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលក្នុងនោះរួមមាន អគារធនាគារជាតិនៃកម្ពុជា ដែលត្រូវបានកម្ទេច ហើយប្រាក់រៀលក៏ត្រូវបានបោះបង់ចោលផងដែរ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធធនាគារ និងរូបិយវត្ថុបានចាប់ផ្តើមបង្កើតឡើងវិញ ពីចំណុចសូន្យ ហើយស្ថានភាពសេដ្ឋកិច្ចត្រូវបានហ៊ុព័ទ្ធ និងផាត់ចេញពីឆាកអន្តរជាតិ។ កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតធនាគារកណ្តាល ដែលពេលនោះមានឈ្មោះថា «ធនាគារជាតិនៃប្រជាជនកម្ពុជា» ឱ្យមានដំណើរការ ដោយផ្អែកលើធនធានមនុស្សដែលនៅសេសសល់តិចតួចបំផុត។
រដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីបង្ហាញពីឯករាជ្យភាព អធិបតេយ្យជាតិ និងបម្រើដល់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្រោមទស្សនៈវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថា «រូបិយវត្ថុជាតិ គឺជាផ្នែកមួយនៃការកសាអធិបតេយ្យ និងអំណាចខាងសេដ្ឋកិច្ចរបស់រដ្ឋ»។ ការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញនេះ ត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេស អបអរសាទរ និងស្វាគមន៍យ៉ាងខ្លាំង ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ យ៉ាងសំខាន់របស់កម្ពុជា។
ក្រោមប្រព័ន្ធធនាគារមួយថ្នាក់ (Mono-banking system) ធនាគារកណ្តាលបានដើរតួនាទីចម្បងៗបី គឺជាអាជ្ញាធររូបិយវត្ថុផង ជាអ្នកផ្តល់ឥណទានផង និងជារតនាគារជាតិផង។ ប្រាក់រៀលបានផ្តល់ជាមធ្យោបាយដោះដូរជំនួស ឱ្យការដោះដូរទំនិញ និងទំនិញ។ ប្រាក់រៀលបានពង្រឹងថវិកាជាតិ សម្រាប់ការបើកប្រាក់ខែជូនមន្ត្រីរដ្ឋការ និងការចំណាយនានារបស់រដ្ឋ។ ជាមួយគ្នានេះ ប្រាក់រៀលក៏ត្រូវបានប្រើប្រាស់សម្រាប់ការផ្តល់ឥណទាន របស់រដ្ឋដល់ការស្តារសកម្មភាពសេដ្ឋកិច្ចចាំបាច់នានា ជាពិសេសការធ្វើឱ្យសហគ្រាសរដ្ឋឱ្យរស់ឡើងវិញ។ ទោះយ៉ាងណា ការបាត់បង់ជំនឿទុកចិត្តយ៉ាងធ្ងន់ធ្ងរ លើរូបិយវត្ថុជាតិ និងការទទួលរងការគំរាមកំហែងដោយសង្គ្រាម នៅតែធ្វើឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលតិចតួចនៅឡើយ ជាពិសេសសម្រាប់ជាឧបករណ៍សន្សំ។ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានរៀបចំការបោះឆ្នោតសកលទូទាំងប្រទេសលើកដំបូង និងបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់ នៅក្នុងរាល់ការចំណាយរបស់ខ្លួន។
ការហូរចូលយ៉ាងគំហុកនៃប្រាក់ដុល្លារអាមេរិក មកកាន់សេដ្ឋកិច្ចដែលមានទំហំតូច ក្នុងពេលដែលជំនឿទុកចិត្តមកលើរូបិយវត្ថុជាតិ មានកម្រិតទាបស្រាប់ បានបង្កើតជាបញ្ហាថ្មីមួយ ចំពោះសេដ្ឋកិច្ចជាតិ គឺដុល្លារូបនីយកម្ម។ ដូច្នេះ បញ្ហាដុល្លារូបនីយកម្មនេះ មិនមែនកើតចេញមកពីការសម្រេចចិត្ត ផ្នែកនយោបាយរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែជាការទទួលយករបស់ទីផ្សារ។
ក្រោមសេដ្ឋកិច្ចទីផ្សារ និងប្រព័ន្ធធនាគារពីរថ្នាក់ (Two-tier banking system) ប្រាក់រៀលបានចរាចរជាមួយនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងដំណាក់កាលដំបូង ប្រាក់ដុល្លារអាមេរិកបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញការវិនិយោគបរទេស វិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។ ក៏ប៉ុន្តែ ក្នុងស្ថានភាពបច្ចុប្បន្ន ពេលដែលទំហំសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់តែកើនឡើងឥតឈប់ឈរ និងមានសមាហរណកម្មក្នុងតំបន់ខ្ពស់ ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបានកំហិតលទ្ធភាពធនាគារកណ្តាល ក្នុងការអនុវត្តពេញលេញនូវគោលនយោបាយរូបិយវត្ថុ ដើម្បីគាំទ្រកំណើននិងទប់ទល់នឹងវិបត្តិ។
លោក ជា ចាន់តូ បានបញ្ជាក់ថា ដោយពិនិត្យឃើញពីសារៈសំខាន់នៃប្រាក់រៀ លនៅក្នុងសេដ្ឋកិច្ច ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ប្រាក់រៀល ជាអាទិភាពសំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថានប័នពាក់ព័ន្ធ បានរួមចំណែកលើកកម្ពស់ប្រាក់រៀលជាបន្តបន្ទាប់។ វិធានការដែលបានអនុវត្ត បានជួយរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ដោយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀលបានកើនឡើងជាមធ្យមប្រមាណ១៦% ក្នុងមួយឆ្នាំៗ។
លោកបន្តថា កំណើនតម្រូវការប្រាក់រៀល ត្រូវបានគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ដែលទទួលបានជាចម្បងពីសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧.៨% ជាមួយអត្រាអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ ២.៥% ហើយប្រាក់រៀលមានស្ថិរភាពល្អប្រសើរក្នុងរង្វង់ ៤ ០៥០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយ។ ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២០ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវានាគ្រាបន្ទាប់បានប្រមាណ ១០ខែ ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ គឺបានកើនឡើងជាង ១០០ដង។
ជាមួយគ្នានេះ វិស័យធនាគារបានបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំ និងបានពង្រីកវិសាលភាពសេវាកម្មនៅទូទាំងប្រទេស។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ទ្រព្យសកម្មវិស័យធនាគារបានកើនឡើង ៩៣ដង ឥណទានបានកើនឡើង ១៧៨ដង និងប្រាក់បញ្ញើកើនឡើង ៩៥ដង។ កំណើនទាំងនេះ បង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិន និងប្រជាពលរដ្ឋមកលើប្រព័ន្ធធនាគារ និងរូបិយវត្ថុកម្ពុជា។
លោកបន្ថែមថា សមិទ្ធផលដ៏ល្អប្រសើរដែលសម្រេចបានរហូតដល់បច្ចុប្បន្ននេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សន្តិភាព បានបង្កលក្ខណៈឱ្យយើងទាំងអស់គ្នារួបរួមសាមគ្គី ខិតខំប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍ ប្រកបដោយភាពប្រកដប្រជា។ សន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបាន និងបន្តរក្សាយ៉ាងរឹងមាំ គឺជាមូលដ្ឋាននៃគ្រប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា និងការប្រើប្រាស់ប្រាក់រៀលប្រកបដោយនិរន្តរភាព៕