(មណ្ឌលគិរី)៖ គណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តសេនីយ៍ សៅ សុខា បានចុះត្រួតពិនិត្យឈើ នៅក្នុងក្រុមហ៊ុនចំនួន៤ នា ស្រុកកែវសីមា ស្រុកពេជ្រាដា និងងស្រុកកោះញែក នាចុះសប្តាហ៍កន្លងទៅនេះ បានរកឃើញឈើ ជាច្រើនដុំត្រូវបានគរទុកដែលសង្ស័យថា ជាឈើគ្មានច្បាប់។
នេះបើយោងតាមលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោកបានបញ្ជាក់ថា «ប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ទូទាំងប្រទេសដឹកក្រុមការងារចុះមកធ្វើការ ត្រួតពិនិត្យឈើ នៅក្នុងទីតាំងក្រុមហ៊ុនចំនួន៤ ដូចជា ក្រុមហ៊ុនប៊ិញហ្វឿក ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ នៅថ្ងៃដែលគណៈកម្មការជាតិបានចុះមកត្រួតពិនិត្យនិងបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគីរីនោះ»។
លោកមេបញ្ជាការអាវុធហត្ថខេត្ត បានទៀតថា រហូតមកដល់ពេលនេះ លោកបានដាក់ពង្រាយកងកំលាំងអាវុធហត្ថជាច្រើននាក់ ដើម្បីយាមកាមនៅតាមទីតាំងក្រុមហ៊ុនទាំង៤នោះ យ៉ាងតឹងរ៉ឹងបំផុត រង់ចាំគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ខេត្ត ចុះមកធ្វើការវាស់វែង។ លោក ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី លោកបានថ្លែងប្រាប់ថា នៅថ្ងៃសៅរ៍ទី៣០ ខែមករា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំក្រុមការងារអញ្ជើញចុះមកពនិត្យឈើនៅក្នុងក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ នៅស្រុកកោះញែក និងធ្វើការប្រជុំដាក់ផែនការឱ្យគណៈកម្មការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើខេត្ត ឱ្យធ្វើការពិនិត្យទំហ៊ំឈើ និងធ្វើការវាស់វែងឈើនៅក្នុងក្រុមហ៊ុនទាំងអស់ ឲ្យបានត្រឹមត្រូវថា តើវាមានច្បាប់ប៉ុន្មាន និងឈើប៉ុន្មានគ្មានច្បាប់៕