(កំពត)៖ លោកស្រី ឌិត និតា ឧត្តមភរិយារបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ ការពារ ទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនចាញ់ដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិមកពីខេត្តចំនួន៤ គឺខេត្តកំពត កែប ព្រះសីហនុ និងកោះកុង នៅតំតបន់ទេសចរណ៍ធម្មជាតិបឹងអន្លង់ព្រីង ខេត្តកំពត។
ពិធីនេះក៏មានការអញ្ជើញអមដំណើរពីលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល និងគណៈអភិបាលខេត្តកំពត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត បានលើកឡើងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ប្រទេស ជាពិសេសការគាំពារ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីការរស់នៅដោយចីរភាព។ ជាមួយគ្នានេះដែរ ខេត្តកំពតក៏នៅតែប្រឈមនឹងការកើតជំងឺគ្រុនចាញ់ ដែលតម្រូវលប់បំបាត់ឱ្យអស់នៅឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត ថូ សុចាន់ថា នាយករងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខភិបាល បានលើកឡើងថា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមអាចការពារ និងបង្ការបាន ហើយចាំបាច់ត្រូវការចូលរួមពីមន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋចេះធ្វើអនាម័យ និងការយល់ដឹងពីវិធីការពារកុំឱ្យមានមូសខាំ។
ជាមួយគ្នានេះ លោកជំស្រី ម៉ុម ថានី បានលើកឡើងថា ពិធីនៅពេលនេះរៀបចំឡើងបង្ហាញពីការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចំពោះសុខភាព និងសុខុមាលភាពរបស់មន្រ្តីរាជការ និងប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ហើយនេះក៏ជាការប្តេជ្ញាចិត្ដខ្ពស់របស់ក្រសួងបរិស្ថាន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥។
លោកស្រីបានបន្ថែមថា ការថែទាំសុខភាពឱ្យល្អជារឿងសំខាន់សម្រាប់មន្រ្តីឧទ្យានុរក្ស ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។
ក្នុងឱកាសនោះ លោកស្រី ឌិត និតា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់មន្រ្តីឧទ្យានុរក្ស និងសហគមន៍នៅតាមតំបន់ការពារធម្មជាតិដែលបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។
លោកស្រីបានបញ្ជាក់ពីការបង្កើនយកចិត្តទុកដាក់ពីក្រសួងបរិស្ថាន ចំពោះទុក្ខលំបាករបស់មន្ត្រីរាជការក៏ដូចជា៖ ការលើកកម្ពស់ស្ថានភាពជីវភាព សមត្ថភាព លទ្ធភាព និងប្រសិទ្ធភាពការងារ តាមរយៈ «គោលនយោបាយស្ដីពីកិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»។
ជាមួយគ្នានេះ លោកស្រី ឌិត និតា ក៏បានជំរុញការលើកកម្ពស់ការយល់ដឹងអំពីរបៀបទប់ស្កាត់ ការពារ និងបង្ការជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមផងដែរ។
សូមបញ្ជាក់ថា លោកស្រី ឌិត និតា និងប្រតិភូក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងគណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រគល់សម្ភារការពារ និងបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរួមមាន៖ មុងជ្រលក់ថ្នាំចំនួន ៤៥០មុង ថ្នាំ Paracetamol និងថ្នាំបង្ការជំងឺព្រូន រួមជាមួយអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត។
បន្ទាប់ មកលោកស្រី ឌិត និតា និង ប្រតិភូបានចុះពិនិត្យមើលសក្តានុពលទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ទេសចរណ៍ធម្មជាតិបឹងអន្លង់ព្រីង នៃស្រុកកំពង់ត្រាច ខេត្តកំពត ផងដែរ៕