(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ដ្រីរាជការ នៃអគ្គលេខាធិការព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយរបស់លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ គឺលោកស្រី ហាជ្ជៈ សូភ័ស ហាស្សាន់ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦៖៤៥នាទីយប់ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
នៅក្នុងសាររំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ បានរៀបរាប់ថា «ការបាត់បង់រូបកាយ លោកស្រី ហាជ្ជៈ សូភ័ស ហាស្សាន់ គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន ជីទួតជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌សម្រាប់កូនៗ និងចៅៗទាំងងស់។ រូបកាយ លោកស្រី ហាជ្ជៈ សូភ័ស ហាស្សាន់ បាត់បង់ទៅក៏ពិតមែនតែកិត្តិយស អំពើជាកុសល សេចក្ដីល្អ សេចក្ដីថ្លៃថ្នូរ ក្នុងការលើកស្ទួយតម្លៃឥស្លាមសាសនា ដោយសទ្ធាជ្រះថ្លាបរិសុទ្ធ នៅស្ថិតជាប់ក្នុងមនោសញ្ចេតនា បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តបងប្អូនទាំងអស់ជានិច្ច»។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សូមបួងសួងដល់ព្រះអល់ឡោះ សូមតាមថែរក្សាដួងវិញ្ញាណក្ខន្ធលោកស្រី ហាជ្ជៈ សូភ័សហាស្សាន់ និងសូមឲ្យកុសលផលបុណ្យរបស់លោកស្រី ក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ និងក្លាយជាជំនិះក្នុងការជូនដំណើរវិញ្ញាណក្ខន្ធលោកស្រីទៅកាន់សុគតិភព។
យោងតាមដំណឹងមរណភាពបានឲ្យដឹងថា លោកយាយ ហាជ្ជះ សូ ភ័ស ហាស្សាន់ ដែលត្រូវជាម្តាយបង្កើតរបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៦៖៤៥នាទីយប់ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសពធ្វើឡើងនៅបរិវេណព្រះវិហារឥស្លាមគីឡូម៉ែត្រលេខ៩ នៅបណ្តោយផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០៕