(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានចូលរួម និងគាំទ្រការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងន័យបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាទទួលបានយ៉ាងលំបាក ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា។

សារអរគុណរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើង ក្រោយពីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានស្វែងយល់យ៉ាងច្បាស់លាស់ ពីការដឹកនាំប្រទេសជាតិរបស់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលធ្វើប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ជាពិសេសប្រជាជនទាំងអស់ មិនស្តាប់តាមការញុះញង់ពីសំណាក់ក្រុមឧទ្ទាមប្រឆាំងក្រៅស្រុកមួយក្តាប់តូច ដែលជនទាំងនោះតែងបានបំផុសបំផុល ក្នុងចេតនារុញច្រានឱ្យសង្គមកម្ពុជា មានភាពចលាចល ដើម្បីផ្តល់ឱកាសដល់ក្រុមខ្លួន ក្នុងរាំងស្ទុះការរីកចម្រើនរបស់កម្ពុជា។

តាមរយៈទំព័រ Facebook ផ្លូវការបង្ហោះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានចូលរួម និងគាំទ្រការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលយើងទទួលបានយ៉ាងលំបាក ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា»

សម្តេចតេជោ ហ៊ុន សែន បានតស៊ូពុះពារលះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា ជាពិសេស ឆន្ទៈមោះមុតរឹងដូចដែកថែបរបស់សម្តេចក្នុងកិច្ចការពារឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ការដណ្តើមបានសុខសន្តិភាព ជាការលំបាកបំផុត។ សន្តិភាពដែលកម្ពុជា មានក្នុងពេលបច្ចុប្បន្ននេះ មិនមែនបានមកដោយងាយៗ ឬធ្លាក់មកពីលើមេឃនោះទេ។

ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន បាន នាំ ឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វេីឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់៕