(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានរំលឹកឡើងវិញ នូវតម្រូវការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីលរបស់ សហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ ដើម្បីការពារ និងប្រឆាំងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ក្រោយពេលមានការគំរាមកំហែង នុយក្លេអ៊ែរ ពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ។
លោក Moon Sang-Kyun ដែលទើបតែតាំងជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា «ពិតណា» កូរ៉េខាងត្បូង នឹងមានសុវត្ថិភាពល្អ បើសិនជាប្រព័ន្ធការពារមីស៊ីល THAAD ត្រូវបានដាក់ពង្រាយនៅលើឧទ្វីបកូរ៉េ។ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ប្រជាជាតិកូរ៉េខាងត្បូងនឹងមានសុវត្ថិភាព ពីព្រោះប្រព័ន្ធការពារមីស៊ីល THAAD ត្រូវបានអាមេរិកផលិតឡើងជា ឧបករណ៍ពិសេសមួយក្នុងការប្រឆាំងនឹងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យោធារបស់កូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន ដែលហៅថា IAMD ដោយបំពាក់នូវបច្ចេកវិទ្យា របស់កូរ៉េផ្ទាល់ ខណៈដែលបច្ចុប្បន្នកំពុងតែផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងមធ្យម។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សារព័ត៌មានជប៉ុន បានចេញផ្សាយថា កូរ៉េខាងជើងកំពុងត្រៀមរៀបចំបាញ់សាកល្បងមីស៊ីលម្ដងទៀត ដោយការបាញ់សាកល្បងនេះ អាចនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ៕