(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «នីតិវិធី នៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ២០ភាគរយ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីវិធាន និងនីតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ២០ភាគរយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសឲ្យអនុវត្តកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕