(ភ្នំពេញ)៖ ក្រោមការណែនាំរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃគណៈចលនាមហាជន បានដឹកនាំគណៈប្រតិភូ ចុះជួបជាមួយគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច សង្គម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងកិច្ចសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានជម្រាបជូនសមាជិក សមាជិកា អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងបរិបទកូវីដ១៩ និងកិច្ចខិតខំ ប្រឹងប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ នៃវិបត្តិកូវីដ-១៩នេះ តាមរយៈវិធានការអន្តរាគមន៍ និងការផ្តល់ជំនួយសង្គមនានា ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលរងផលប៉ះពាល់។

ក្នុងនោះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរ និងស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាជន និងផលប្រយោជន៍ជាតិជាធំ និងជាគណបក្សតែមួយគត់ដែលបានលះបង់ ពុះពារប្តូរផ្តាច់ ដើម្បីការពារអាយុជីវិត និងអត្ថប្រយោជន៍របស់ជាតិ និងជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំ ជាងគេ ហ៊ានគិត ហ៊ានធ្វើ ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រុងប្រយ័ត្ន ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ក្នុងការដឹកនាំប្រទេស និងមិនដែលរត់ចោលប្រជាជនម្តងឡើង ជាពិសេសគឺក្នុងគ្រាលំបាក។

ជាមួយគ្នានេះផងដែរ ក្នុងនាមជាសមាជិកបក្សមួយរូប លោកក៏បានរំលឹក ចំពោះបទពិសោធន៍ ដែលយន្តការអគតិបានគួបផ្សំកម្លាំងគ្នា អនុវត្តផែនការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយអនុវត្តផែនការយុទ្ធសាស្រ្តរបស់គេយ៉ាងប្រទាក់ក្រឡាគ្នា ដែលនេះគឺជាមេរៀន ដែលយើងគួរចងចាំកាលពីឆ្នាំ២០១៣ និងជាពិសេស គឺការបន្តចិញ្ចឹម មហិច្ចតាប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់របស់ក្រុម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលបាន និងកំពុងបន្តធ្វើសកម្មភាពញុះញង់ និងផ្សព្វផ្សាយបំប៉ោងព័ត៌មានមិនពិត មួលបង្កាច់ផ្សេងៗ ដើម្បីឲ្យប្រជាជនបាត់បង់ជំនឿចិត្តមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីបានផ្សព្វផ្សាយ ពីបច្ចុប្បន្នស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមរួចមកលោក ហ៊ុន ម៉ានី ក៏បានជំរុញឲ្យសមាជិកអង្គប្រជុំ អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងក្នុងសន្និបាតគណៈចលនាមហាជន កាលពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៩ ដែលមានអនុសាសន៍ណែនាំដូចតទៅ៖

*១៖ ត្រូវចុះស្វែងយល់ឲ្យច្បាស់នូវតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវជួយដោះស្រាយការលំបាក និងបញ្ហាផ្សេងៗរបស់ពួកគាត់ ឲ្យទាន់ពេលវេលា ជាពិសេសនៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈចលនាមហាជនគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចុះតាមដាន និងដោះស្រាយជាប្រចាំ ដោយមិនឲ្យប្រជាជនណាម្នាក់ អត់ឃ្លានដាច់បាយរហូតដល់ស្លាប់ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។

*២៖ ត្រូវខិតខំពង្រឹង និងថែរក្សាឲ្យបានរឹងមាំនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងទស្សនៈ គោលជំហរ នយោបាយ សតិអារម្មណ៍ និងចុះធ្វើសកម្មភាពជាប្រចាំ នៅតាមមូលដ្ឋានសំដៅពង្រឹងគុណភាព និងបរិមាណសមាជិកបក្សតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដើម្បីឆ្ពោះទៅដណ្តើមជោគជ័យ នៅក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ បន្តទៀត។

*៣៖ ត្រូវបន្តធ្វើការអប់រំ និងផ្សព្វផ្សាយអំពីវិធានការរាជរដ្ឋាភិបាល ឲ្យបានទូលំទូលាយដល់គ្រប់ស្រទាប់មហាជន និងត្រូវធ្វើការឆ្លើយបក ស្រាយបំភ្លឺរាល់ការបំភ្លៃមួលបង្កាច់ មកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សតាមគ្រប់រូបភាព។

*៤៖ ត្រូវបន្តសកម្មភាពដោយម៉ឺងម៉ាត់ និងហ្មត់ចត់ រារាំងឲ្យបានជាដាច់ខាត នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីជាតិរបស់ ក្រុម មជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញ ប្រជាជនឲ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ។

លោក ហ៊ុន ម៉ានី អគ្គលេខាធិការ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាមហាជនគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងសូមផ្សព្វផ្សាយបន្ត ទៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ការពារសុខភាពប្រជាពលរដ្ឋ ពីជំងឺកូវីដឲ្យបាន៕