(ភ្នំពេញ)៖ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២៨ ក្រោយផ្អាកមួយរយៈធំ ដោយសារជំងឺកូវីដ-១៩។ វគ្គបំប៉នជំនាញនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងអរគុណដល់សន្ដិភាព ព្រោះថាមានសន្ដិភាពទើបមានអ្វីៗដូចសព្វថ្ងៃនេះ ហើយលោកក៏បានថ្លែងអំណរគុណ និងកោតសរសើរផងដែរ ដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់នៅទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ តាមរយៈការបាញ់អាល់កុលលាងសម្អាតដៃ និងវាស់កម្ដៅមុនចូលធ្វើការ ឬទីកន្លែងផ្សេងៗជាដើម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ជាឱកាសមួយដ៏សំខាន់ ក្នុងការបំពាក់បំប៉នភ្នាក់ងារ សន្ដិសុខឯកជន ឲ្យមានសមត្ថភាពពេញលេញ ដើម្បីចូលរួមកិច្ចការងារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព តាមបណ្ដាគោលដៅ និងសង្គមជាតិ ទាំងមូល។ លោកថា វិស័យសន្ដិសុខឯកជន មានការរីកចម្រើនយ៉ាងខ្លាំងស្របតាមប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយវិស័យនេះ បានចូលរួមថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គមជាតិយ៉ាងផុលផុស។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាន នាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់ គឺស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងកិច្ចការពារសន្តិសុខសង្គម។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា នេះជាលើកទី២៨ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ ដោយយោងតាមស្មារតីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ក្នុងការគ្រប់គ្រង និងកសាងសមត្ថភាព បង្កើនចំណេះដឹង ផ្តល់បទពិសោធន៍បច្ចេកទេស ដែនកំណត់ភារកិច្ច ទទួលខុសត្រូវ កិច្ចសហការផ្តល់កម្លាំងជំនួយរវាងសន្តិសុខឯកជន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។

នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជ មានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕